(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលបែបបទដល់ពលករកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។

ប្រមុខរដ្ឋស្តីទី ថ្លែងអំណរគុណបែបនេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសសម្តេចវិបុលសេនាភក្តី ទទួលជួបលោកស្រី ផែតុងតាន ស៉ីណាវ៉ាត្រា កូនស្រីលោក ថាក់ស៉ីន ស៉ីណាវ៉ាត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ សម្តេចប្រមុខរដ្ឋស្តីទី ក៏បានថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យដ៏ទូលំទូលាយរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ដែលបានជួយបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិត កម្ពុជាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង ៣ ពាន់នាក់ (១៩៩៥- ២០២៣)។

សម្តេចប្រមុខរដ្ឋស្តីទីបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផែតុងតាន ស៉ីណាវ៉ាត្រា នៅកម្ពុជានាឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំ នាក់ទំនងថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសយើងទាំងពីរ កាន់តែរឹងមាំស៉ីជម្រៅ ជាងទៀត នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងឱកាសនោះ លោកស្រី ផែតុងតាន ស៉ីណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកស្រីបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបអំពីការងារមួយចំនួន ដែលប្រទេសទាំងពីរនឹងជំរុញអនុវត្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរណ៍ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសទាំងអស់ក្នុងតំបន់ រួមមានប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៉ី មីយ៉ាន់ម៉ា ក្នុងនោះប្រទេសទាំងពីរថៃ-កម្ពុជា នឹងប្រើប្រាស់យុទ្ធសាស្ត្រផ្ទៃមេឃស្រលះ ដើម្បីជំរុញកាអភិវឌ្ឍលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនតាម រយៈវិស័យទេសចរណ៍នេះ។

ភាគីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ គោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកអំពី ជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ បានបង្កើតនូវកាលានុវត្តភាពជាច្រើនសម្រាប់អភិវឌ្ឍចំណងមេត្រីភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលទាំងពីរបន្តខិតខំអនុវត្តឱ្យបានពេញលេញនូវរាល់យន្តការកិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ ដើម្បីស្ថិរភាព សន្តិភាព វិបុលភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើនវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបានបន្តដាក់គោលដៅជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចក្នុងទំហំ១៥ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ រដ្ឋាភិបាលប្រទេសទាំងពីរ បានជំរុញវិស័យទេសចរណ៍ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ»។ គោលដៅជំរុញវិស័យទេសចរណ៍នេះ ស៉ីចង្វាក់គ្នាក្នុងពេលកម្ពុជា និងថៃ បានចាប់ផ្តើមដំណាក់កាលទី២ នៃប្រព័ន្ធទូទាត់ KH QR ឆ្លងដែន ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក ដើម្បីសម្រួលពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ឆ្លងកាត់ព្រំដែន ហើយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ កាន់តែមានទំហំធំឡើងជាលំដាប់។

សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានកិច្ចសហការល្អជាមួយសភាថៃ និងជាមួយវិទ្យាស្ថាន KPI (វិទ្យាស្ថានព្រះចៅប្រាឆាឌីប៉ុក) តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការចូលរួមវេទិកាអាស៉ី-ប៉ាស៉ីហ្វិក (APPF) លើកទី៣០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន KPI។ ព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥ នឹងបន្តបង្កើតក្រុមមិត្តភាពទ្វេភាគីជាមួយព្រឹទ្ធសភាថៃ។ ហេតុនេះសូមលោកស្រី ជួយពាំនាំបញ្ហានេះ ជូនឯកឧត្តមប្រធានព្រឹទ្ធសភាថៃ។

តាមរយៈលោកស្រី សម្តេចក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានជូនចំពោះ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាថៃផងដែរ៕