(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងកាត់ខោ អាវ ត្រេអ៊ី (ប្រតិបត្តិការ) ចែកជូនដល់កងអនុសេនាធំអន្តរាគមន៍ចល័តខេត្តស្ទឹងត្រែង ចំនួន៣៧នាក់។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានលើកឡើងថា នេះជាលើកទី២ហើយ ដែលកម្លាំងអន្តរាគមន៍ចល័តទទួលបាននូវខោ អាវត្រេអ៊ីនេះ បន្ទាប់ពីកម្លាំងកងអនុសេនាធំអន្តរាគមន៍ចល័ត មកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

ឆ្លៀតក្នុងឱកាសនោះ លោកបានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ចាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយបានណែនាំដល់កម្លាំងអន្តរាគមន៍ចល័តមកពីបណ្តាខេត្តផ្សេងៗ ឲ្យចេះស្រឡាញ់គ្នា គោរពគ្នាដូចជាបងប្អូន និងត្រូវអនុវត្តឲ្យបាននូវទិសស្លោករបស់កងរាជអាវុធហត្ថ ដែលដាក់ចេញដោយ នាយឧត្តមសេនីយ៍ សៅ សុខា គឺ «ចំពោះប្រទេសជាតិ ត្រូវតែបម្រើ, ចំពោះប្រជា ត្រូវតែការពារ, ច្បាប់ត្រូវតែគោរព, បទល្មើសត្រូវតែបង្ក្រាប។ និងទិសស្លោកមួយទៀតគឺ ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ»

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានបញ្ជាក់ថា ការចែកខោ អាវ នៅថ្ងៃនេះគឺដោយទឹកចិត្តរបស់នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវមានការស្លៀកពាក់ល្អ ត្រឹមត្រូវតាមសម្លៀកបំពាក់របស់អាវុធហត្ថ។ លោកមេបញ្ជាការបានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលបានជូនអំណោយជារថយន្តម៉ាក់ JMC ចំនួន២គ្រឿង ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង៕