(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងបញ្ជាក់ថា ដំណើរការកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ដើម្បីរួមចំណែកជួយដល់អ្នកធុរកិច្ចថ្មី (Startup) ដែលទើបបើកក្រុមហ៊ុនថ្មីៗ អាចរៀនសូត្របន្ថែម ដើម្បីពង្រឹងសមត្ថភាពបន្ថែម បង្កើតទំនាក់ទំនងល្អ នឹងអាចជួបជាមួយអ្នកវិនិយោគ ដែលអាចជួយឱ្យអាជីវកម្មខ្លួន បានកាន់តែរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត តាំង ងួនលី បានលើកឡើងយ៉ាងដូចនេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល ដែលបានរៀបចំឡើង នៅទីស្នាក់ការកណ្តាលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងដោយមានការចូលរួមពីបណ្តាដៃគូរសហការ និងអ្នកអ្នកធុរកិច្ចថ្មីជាច្រើននាក់ផងដែរ។

លោកបណ្ឌិត តាំង ងួនលី បានថ្លែងដូចនេះថា «ការដាក់ឱ្យដំណើរការកម្មវិធីពន្លឿន អាជីវកម្មថ្នាលឌីជីថល គឺយើងចង់បណ្តុះថ្នាក់អ្នកធុរកិច្ចថ្មី ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងគោលបំណងដើម្បីឱ្យពួកគាត់អាចក្លាយ ទៅជាក្រុមហ៊ុន ដែលបានចុះបញ្ជីត្រឹមត្រូវ មានការរីកចម្រើនលូតលាស់ ដែលចុងក្រោយអាចនឹងជ្រើសរើសបង្កើនបុគ្គលិក និងដុះដាលដល់សេដ្ឋកិច្ចនៅកម្ពុជាទាំងមូលតែម្តង»។

លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា នៅពេលតែយើងអាចបណ្តុះបណ្តាលអ្នកធុរកិច្ចថ្មី បានកាន់តែច្រើន គឺនឹងអាចបង្កើតក្រុមហ៊ុនបានកាន់តែច្រើន ហើយជាចុងក្រោយនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់ជាតិទាំងមូល កាន់តែរីកចម្រើនឡើងបន្ថែមទៀតផងដែរ។

បើតាមលោកបណ្ឌិត តាំង ងួនលី តាមរយៈការដាក់ឱ្យដំណើរការកម្មវិធីពន្លឿន អាជីវកម្មថ្នាលឌីជីថល គឺដើម្បីជួយបណ្តុះបណ្តាលអ្នកធុរកិច្ចថ្មី ដែលពឹងផ្អែកទៅលើវិស័យថ្នាល់ឌីជីថល ក្នុងរយៈពេល ១៦សប្តាហ៍ ដែលគ្រោងនឹងបញ្ចប់នៅដើមខែកក្កដាខាងមុខនេះ តាមយៈកម្មវិធីក៏មានការចូលរួមសហការឧបត្ថម្ភពីធនាគារ ABA សហគ្រិនខ្មែរ KE និងក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានដៃគូចំនួនទៀត។

ជាមួយគ្នានោះដែរលោកបណ្ឌិត តាំង ងួនលី ក៏បានអំនាវដល់ធុរកិច្ចថ្មីដែលមានក្រុមហ៊ុននៅថ្មីៗនិងនៅតូច អាចចូលរួមជាមួយមជ្ឈមណ្ឌលធុរកិច្ចថ្មី «តេជោ» ឫដៃគូរពាក់ព័ន្ធដ៏ទៃទៀត ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីអាចរៀនសូត្របន្ថែម ដើម្បីពង្រឹងសមត្ថភាព បង្កើតទំនាក់ទំនងល្អ ហើយអាចនឹងជួយជាមួយនឹងអ្នកវិនិយោគដែលអាចជួយឱ្យអាជីវកម្ម កាន់តែរីកចម្រើនបន្ថែមទៀត។ ដោយឡែកចំពោះក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលជោគជ័យរួចហើយ គួរចូលរួមក្នុងការផ្តល់ជាស្មារតី និងបច្ចេកទេស និងជួយធ្វើបទបង្ហាញដល់ក្រុមធុរកិច្ចថ្មីថ្មោង ដើម្បីឱ្យពួកគាត់ទទួលបានបទពិសោធន៍ល្អៗផងដែរ៕