(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រៀបចំវគ្គផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្សលោកគ្រូ អ្នកគ្រូ អាជីវករក្នុងសាលារៀន។

វគ្គផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោក ង៉ែត ចេក អគ្គនាយករង ក.ប.ប. តំណាង លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ខាន់ ពែក នាយកវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី ផ្សារដើមថ្កូវ។

ថ្លែងក្នុងមតិស្វាគមន៍ ដល់វគ្គផ្ដព្វផ្សាយនេះ លោកនាយកវិទ្យាល័យ បានណែនាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ ក្នុងសាលារៀនទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់នូវគោលការណ៍សំខាន់ នៃការស្វែង យល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព ដែលវាគ្មិនអញ្ជើញ មកពីអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើបទបង្ហាញនៅពេលនេះ និងសូមផ្តល់នូវមតិ យោបល់ ដោយ លើកឡើងនូវសំនួរ ដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយ ឱ្យបានច្បាស់លាស់ និងសំណូមពរ មន្ត្រីអធិការកិច្ច របស់អគ្គនាយកដ្ឋាន ក.ប.ប. បង្កើនសកម្មភាពត្រួតពិនិត្យ ផលិតផលទំនិញ ពិសេសម្ហូបអាហារ អនុវត្តវិធានការច្បាប់ ដោយម៉ឺងម៉ាត់ សំដៅទប់ស្កាត់ ឱ្យបាននូវការធ្វើអាជីវកម្មមិនសុចរិតក្នុងវិស័យម្ហូបអាហារ។

ក្នុងឱកាសនោះលោក ង៉ែត ចេក តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា អនុវត្តអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយបានទទួលកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត បានរៀបចំកម្មវិធីផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាព ម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តា គ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន។

កម្មវិធីផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកសុវត្ថិភាព ម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជន ដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យម្ហូបអាហារ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ យល់ច្បាស់អំពីលក្ខខណ្ឌ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលត្រូវទទួលបានរបស់អ្នកប្រើប្រាស់ សំដៅជំរុញលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ច របស់អ្នកប្រើប្រាស់ លើកកំពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿន សេដ្ឋកិច្ចជាតិឱ្យរីកចំរើនទៅមុខ។

លោក ហេង មាលី ប្រធានសាខា ក.ប.ប.រាជធានីភ្នំពេញ បានឱ្យដឹងថា មុនវគ្គផ្សព្វផ្សាយនេះ មន្ត្រីជំនាញ ក៍បានចុះត្រួតពិនិត្យម្ហូបអាហារ នៅតាមតូបលក់ អាហារ ក្នុងសាលា និងបានចែកជូនផ្ទាំងរូបភាពអំពីសុវត្ថិភាព ម្ហូបអាហារចំនួន១៤០០សន្លឹក ហើយវគ្គផ្សព្វផ្សាយនេះ មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករលក់ដូរក្នុងសាលា សរុបប្រមាណ១៣៥០នាក់ ដែលជាការផ្តល់ចំណេះដឹង ជាមូលដ្ឋាន សម្រាប់អ្នកប្រើប្រាស់ បានស្វែងយល់អំពី ការជ្រើសរើសម្ហូបអាហារ មានគុណភាព សុវត្ថិភាព តាមលក្ខខណ្ឌតម្រូវជាធរមានលើស្លាកសញ្ញា សម្រាប់ផលិតផល ម្ហូបអាហារវេចខ្ចប់ស្រាប់ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋាន ដល់តុអាហារ។ ព្រមជាមួយនោះបានផ្សព្វផ្សាយ ឱ្យបណ្តាអ្នកចូលរួម Donwload កម្មវិធី CCF Complaint App ទៅក្នុងទូរស័ព្ទ Smart Phone ដែលជាយន្តការដាក់ពាក្យបណ្តឹងពីអ្នកអ្នកប្រើប្រាស់ ទៅកាន់អគ្គនាយកដ្ឋាន ក.ប.ប.។

នៅចុងបញ្ចប់ លោក ង៉ែត ចេក បានសំណូមពរឱ្យអ្នកចូលរួមវគ្គផ្សព្វផ្សាយយកវេទិកានេះ ជួយបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ ញាតិមិត្ត ឱ្យបានជ្រួតជ្រាប អំពីរបៀបនៃការជ្រើសរើសផលិតផល ពិសេសម្ហូបអាហារដែល មានសុវត្ថិភាព ផល ប៉ះពាល់ពីការ ប្រើប្រាស់សារធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារ ការផលិត ដាក់លក់ ឬបរិភោគអាហារខ្វះអនាម័យ ដែលជាកត្តា បង្កគ្រោះដល់សុខភាព របស់យើងទាំងអស់គ្នា ដើម្បីសង្គមយើង គ្រួសារយើង ពិសេសខ្លួនយើង សូមប្អូនៗ ដែលជាសិស្សានុសិស្ស ជ្រើសរើសម្ហូបអាហារ មានអនាម័យ សុវត្ថិភាព និងគុណភាព ហើយជៀសឱ្យឆ្ងាយ ពីគ្រឿងញៀនទាំងអស់គ្នា៕