(ភ្នំពេញ)៖ ផ្លូវជនបទជាច្រើនខ្សែ នៅក្នុងខេត្តចំនួន៣ ក្នុងប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងមានភាពរឹងមាំកាន់តែប្រសើរ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃអាកាសធាតុ និងសម្រាប់ពលរដ្ឋប្រើប្រាស់នៅគ្រប់កាលៈទេសៈនៃអាកាសធាតុ ដើម្បីទទួលបានសេវាថែទាំសុខភាព និងទីផ្សារសំខាន់ៗ បន្ទាប់ពីគណៈនាយកប្រតិបត្តិនៃធនាគារពិភពលោក បានអនុម័តឥណទានចំនួន ៣៥លានដុល្លារអាមេរិក បន្ថែមសម្រាប់គម្រោងនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក ផ្តល់ឥណទានបន្ថែមនេះ សម្រាប់ «គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់» Cambodia Road Connectivity Improvement Project (RCIP) ក្នុងគោលដៅបង្កើនភាពធន់របស់ផ្លូវ សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការចូលទៅរកទីផ្សារ, ទៅសាលារៀន និងទៅរកសេវាសុខាភិបាល នៅខេត្តក្រចេះ, កំពង់ចាម និងត្បូងឃ្មុំ។ ខេត្តទាំង៣នេះមានប្រជាជនសរុបជាង ២លាននាក់ ដែលក្នុងនោះ ៨០% រស់នៅតាមតំបន់ជនបទ។ គម្រោង RCIP នេះត្រូវបានអនុម័តកាលពីខែកក្កដា ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានចំនួន ១០០លានដុល្លាអាមេរិក។

គម្រោង RCIP នេះ ផ្តល់ថវិកាវិនិយោគសម្រាប់បណ្តាញតភ្ជាប់ផ្លូវនៅតាមខេត្ត ដែលនៅក្នុងរបាយការណ៍ World Bank’s Country Climate and Development Report for Cambodia ជាបណ្តាញផ្លូវប្រឈមខ្លាំងទៅនឹងហានិភ័យប្រែប្រួលអាកាសធាតុ ហើយដែលគ្មានកម្រាលកៅស៊ូឬបេតុង និងសំណង់គ្រប់គ្រងទឹកជំនន់ ត្រឹមត្រូវ។ ភាពងាយរងគ្រោះនៃបណ្តាញផ្លូវទាំងនេះ បង្កហានិភ័យដល់លទ្ធភាពក្នុងការទទួលបានសេវាសំខាន់ៗ មានដូចជា ការអប់រំ និងការថែទាំសុខភាព ជាមួយនឹងផលជះអវិជ្ជមានឥតស្រាកស្រាន្ត ទៅលើការរស់នៅរបស់ពលរដ្ឋ ក្នុងខេត្តទាំងបី។ ស្ថានភាពផ្លូវអន់ ក៏ជាហេតុនាំឲ្យមានចំណាយខ្ពស់លើការដឹកជញ្ជូន និងឡូហ្ស៊ិស្ទិកសម្រាប់កសិផលសំខាន់ៗ នៅក្នុងខេត្តគោលដៅទាំងនេះដែរ។

ឥណទានបន្ថែមនេះ នឹងជួយបំពេញការទូទាត់ ឲ្យចំណាយគម្រោង ដែលបានឡើងថ្លៃខ្ពស់ជាងការគ្រោងទុក ជាពិសេស នៅក្នុងកិច្ចសន្យាធ្វើផ្លូវ។ អតិផរណាខ្ពស់ និងការឡើងថ្លៃលើធាតុចូលសំខាន់ៗ ដូចជាឥន្ធនៈ និងកៅស៊ូអ៊ុតផ្លូវ ក្នុងអំឡុងពេលបីឆ្នាំមកនេះ បានធ្វើឲ្យថ្លៃចំណាយឡើងហួសការប៉ាន់ស្មាន នៅក្នុងឆ្នាំ២០១៩ មុនពេលគម្រោងត្រូវបានអនុម័តជាលើកដំបូង ទៅទៀត។ លើសពីនេះ កិច្ចការនវានវុត្តន៍មួយចំនួនដែលការសិក្សាស្ទង់លម្អិតបានរកឃើញ និងការរចនាផ្នែកវិស្វកម្មសម្រាប់គម្រោងផ្លូវ ក៏តម្រូវឲ្យមានថវិកាទ្រទ្រង់ថែមទៀតដែរ។ បច្ចុប្បន្ននេះ ការងារស្តារសម្បទាផ្លូវត្រូវបានអនុវត្តលើផ្លូវប្រវែង ១៣០គីឡូម៉ែត្រ នៃផ្លូវជាតិនិងផ្លូវខេត្តគោលដៅ និងលើផ្លូវ ១៤២គីឡូម៉ែត្រ នៃប្រវែងសរុប ២៧៩គីឡូម៉ែត្រ នៃផ្លូវជនបទដែលជាគោលដៅ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «លទ្ធភាពចូលទៅរកសេវាថែទាំសុខភាព និងសាលារៀន និងការដឹកជញ្ជូនទំនិញទៅកាន់ផ្សារ សុទ្ធតែជាបញ្ហាប្រឈមធំណាស់ សម្រាប់ពលរដ្ឋកម្ពុជារស់នៅតាមទីជនបទ ជាពិសេស នៅក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ស្ថានភាពផ្លូវអន់ និងការកាត់ផ្តាច់ដោយទឹកជំនន់ និងចំណាយខ្ពស់លើការដឹកជញ្ជូន បង្កឧបសគ្គធំៗដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព និងការសង្គ្រោះបន្ទាន់ សម្រាប់ស្ត្រីមានផ្ទៃពោះ»

គម្រោងនេះ ក៏ជួយផងដែរ ដល់ការអភិវឌ្ឍផ្នែកស្ថាប័នសំខាន់ៗ នៅក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ដែល ទាំងពីរនេះ ជាភ្នាក់ងារអនុវត្តន៍គម្រោង។ ការងារអភិវឌ្ឍស្ថាប័ននោះរួមមាន ការរៀបចំបង្កើតយុត្តិសាស្ត្រហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ផ្លូវជនបទធន់អាកាសធាតុ ការគាំទ្រដល់ការអនុវត្តផែនការសកម្មភាពបញ្ជ្រាបយេនឌ័រ និងការគ្រប់គ្រង់កិច្ចសន្យាផ្អែកលើសមិទ្ធកម្មការងារ សម្រាប់ការកែលម្អ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវ ឲ្យមានចីរភាពកាន់តែប្រសើរឡើង៕