(ក្រចេះ)៖ ថ្លែងនៅក្នុងពិធីបើកផ្តល់ប្រាក់ជូនជនពិការក្រីក្រ នៅតាមសហគមន៍ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានលើកឡើងថា ការផ្តល់ប្រាក់របប គោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ គឺជាគោលដៅដ៏ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កម្រិត ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជន ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

លោកអភិបាលរងស្រុក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ភាពក្រីក្រគឺជាការខាតបង់តម្លៃធនធានសេដ្ឋកិច្ច ដែលមិនត្រឹមតែមិនអាចទទួលយកបាន ខាងផ្នែកផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាអាចបណ្តាលឲ្យមានការបែក បាក់សាមគ្គីភាព និងអស្ថេរភាពក្នុងសង្គមថែមទៀត។

លោកបន្តថា សម្រាប់ខេត្តក្រចេះ នៅឆ្នាំ២០២៣ គណៈកម្មការបានរៀបចំជ្រើសរើសឈ្មោះប្រជាពលរដ្ឋ ដែលមានពិការភាពមានបណ្ណក្រីក្រ តាមរយៈកម្មវិធីកំណត់អត្តសញ្ញាណកម្ម ពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន សម្រាប់ធ្វើការផ្តល់ប្រាក់របបគោលនយោបាយជូនជនពិការក្រីក្រ ក្នុងស្រុកឆ្លូងដែលមានចំនួន៣៥៩នាក់ ស្រី១៧៥នាក់ ក្នុងនោះជនមានពិការភាព ដែលត្រូវទទួលប្រាក់ឧបត្ថម្ភ៦ខែ ចំនួន១៦៣នាក់ ស្រី៧៦នាក់ និង១២ខែ ចំនួន១៩៦នាក់ ស្រី៩៩នាក់។

រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្ទ សម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាល ភាពសង្គម ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីវភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅសម្រេច បានជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចំពោះមុខរដ្ឋបាលស្រុក-ខេត្ត នឹងបន្តពង្រឹងសកម្មភាពនេះ សហការពង្រីក បន្ថែម នូវកិច្ចអន្តរាគមន៍ ក្នុងការផ្តល់សេវាសង្គមកិច្ច និងកម្មវិធីសង្គ្រោះបន្ទាន់ឲ្យកាន់តែទូលំទូលាយ ពិសេស ការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាពលរដ្ឋក្រីក្រ ការដាក់ចេញវិធាន ការជួយដោះស្រាយ សម្រាលទុក្ខលំបាករបស់ជនរងគ្រោះដោយមហន្ត រាយធម្មជាតិ ការពង្រីកកម្មវិធីស្តារលទ្ធភាពពលកម្ម កម្មវិធីសមាហរណកម្មឡើងវិញ សម្រាប់ជនដែលមានពិការភាព ជនរងគ្រោះដោយគ្រឿង ដោយអំពើកេងប្រវ័ញ្ច និងកុមារដែលបំពានច្បាប់ ក៏ដូចជាពង្រីកកម្មវិធីសុខុមាលភាពដល់ជនចាស់ជរា កុមារកំព្រា ស្ត្រី មេម៉ាយ ពោះម៉ាយក្រីក្រ គ្រួសារក្រីក្រ ស្ត្រី កុមាររងគ្រោះ ជនគ្មានទីលំនៅ និងអតីតយុទ្ធជន ព្រមទាំងគ្រួសារ ដើម្បីឲ្យពួកគាត់ ទទួលបាននូវសេវាសុខភាពអាហារូបត្ថម្ភ ការបណ្តុះបណ្តាលមុខជំនាញ ការបង្កើតមុខរបរ និងការអប់រំសំដៅប្រែក្លាយប្រជាពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ និងសហគមន៍ ទៅជាមូលដ្ឋានផលិតរបស់ជាតិ រួមចំណែកធ្វើឲ្យគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះទទួលបានជោគជ័យ៕