(រតនគីរី)៖ ជាកូនបងគេក្នុងចំណោមបងប្អូន ៤នាក់ ដែលរស់នៅជីវិតក្នុងគ្រួសារក្រីក្រ លំបាក ធ្វើកម្មករគេដើម្បីយកប្រាក់ផ្គត់ផ្គង់ជីវភាព​ប្រចាំថ្ងៃ យុវតីជនជាតិដើមភាគតិចមួយរូប រស់នៅស្រុកវ៉ឺនសៃ ខេត្តរតនគិរី បានសម្រេចចិត្តបោះបង់ការសិក្សាត្រឹមកម្រិតថ្នាក់ទី៩ ដើម្បីទៅធ្វើជាកម្មករចៀរជ័រកៅស៊ូ យកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ និងជួយដល់ប្អូនៗឱ្យបានរៀនសូត្រ ទោះបីក្តីស្រម៉ៃខ្លួនចង់សិក្សាឱ្យបានខ្ពស់នឹងគេក៏ដោយ។

តែទោះជាយ៉ាងណាវាសនាមិនបានធ្វើបាបមនុស្សឡើយ ក្រោមការជួយជម្រុញលើកទឹកចិត្តទាំងប្រាជ្ញា ស្មារតី របស់អង្គការភ្លែន អន្តរជាតិ រួមទាំង​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី (PTC) បានជួយដល់យុវតីរូបនេះអាចចាប់យកអាជីពមួយជាអ្នកសំអាងកាយ ហើយនាពេលអនាគតតាមរយៈជំនាញមួយនេះនឹងអាចជួយរូបនាងឱ្យមានជំនាញមួយច្បាស់លាស់ អាចរកចំនូលសម្រាប់ផ្គង់ផ្គង់គ្រួសារបាន ដោយមិនចាំបាច់ធ្វើជាកម្មករគេនោះឡើយ។

ប្រាប់ដល់ភ្នាក់ព័ត៌មាន Fresh News កាលពីពេលថ្មីៗទៅនេះ ខណៈពេលដែលនាងកំពុងរៀនជំនាញសំអាងកាយនេះ ស្រីមុន បានឱ្យដឹងថា ក្រោមការជួយលើកទឹកចិត្តពីអង្គការភ្លែន អន្តរជាតិ រួមទាំង​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរី បានជួយឱ្យរូបនាងអាចចូលរៀនជំនាញមួយច្បាស់លាស់ផ្នែកសំអាងកាយ ខណៈដែលជំនាញមួយនេះក៏ជាក្តីស្រម៉ៃរបស់នាង ដែលធ្លាប់បានស្រម៉ៃចង់រៀនតាំងពីតូចមកផងដែរ។

ស្ថិតក្នុងជំនាញសំអាងកាយនេះ នាងត្រូវរៀនផាត់មុខ ធ្វើសក់ អ៊ុតសក់ ធ្វើក្រចក និងផ្នែកសំអាងកាយផ្សេងៗទៀត ហើយក្រោយចូលរៀនបានរយៈពេលជាងមួយខែមកនេះ នាងបានចេះធ្វើក្រចក និងគៀបសក់។ នាងក៏បានប្តេជ្ញាចិត្តខំរៀនឱ្យបានចេះស្ទាត់លើជំនាញសម្អាងកាយនេះ ដើម្បីបានបើកតូបតូចមួយរកស៊ីដោយខ្លួនឯង អាចរកចំនូលផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារ និងដើម្បីជួយដល់ប្អូនៗទាំង៣នាក់ ឱ្យបានរៀនសូត្រនឹងគេផងដែរ។

បើតាម ស្រីមុន បានបញ្ជាក់ មុនចូលរៀនជំនាញមួយនេះដោយសារគ្រួសារមានជីវភាពលំបាកផងនោះ នាងបានសម្រេចចិត្តបោះបង់ការសិក្សានៅក្នុងកម្រិតថ្នាក់ទី៩ ដើម្បីជួយធ្វើស្រែចម្ការឪពុកម្តាយ និងឆ្លៀតទៅធ្វើកម្មករចៀរជ័រកៅស៊ូ ដើម្បីរកប្រាក់ជួយដល់គ្រួសារ។ ក្រោយបានរៀនជំនាញមួយនេះនាងរំពឹងថា ជំនាញមួយនេះគឺពិតជាជួយនាងឱ្យមានការងារមួយសមរម្យ និងមិនលំបាកដូចធ្វើកម្មករចៀរជ័រកៅស៊ូទៀតនោះទេ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននេះ ក៏ជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ក្នុងការជួយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់​ ដែលប្រមុខរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ ថ្មីៗ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលនេះដើម្បីឱ្យយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះអាចឆាប់មានជំនាញវិជ្ជាជីវៈ និងឆាប់មានការងារធ្វើសមរម្យដើម្បីលើកកម្ពស់ជីវភាពគ្រួសារ៕