(ភ្នំពេញ)៖ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងគណបក្សភឿថៃ និងគណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីយូរមកហើយ និងប្តេជ្ញាថាត្រូវធ្វើឱ្យទំនាក់ទំនងដ៏ល្អនេះមានជាបន្តយូរអង្វែងទៅមុខទៀត។ ជាមួយគ្នានេះ លោកស្រីបានបញ្ជាក់ថា សន្តិភាពនឹងមានបន្តសម្រាប់ថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានការរីកចម្រើនឡើង។

លោកស្រីលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ខណៈដែលចូលជួបសម្តែងការគួរសមជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្ដីទី និងជាសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងឱកាសនោះ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ក៏បានជម្រាបជូនពីដំណើរការនៃការដឹកនាំរដ្ឋាភិបាល នៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន ដែលមានគណបក្សចម្រុះកំពុងធ្វើការរួមគ្នា និងបានកសាងសុខសន្តិភាពដែលបានបាត់បង់មួយរយៈកាលមុន ឱ្យមានភាពល្អប្រសើរឡើងវិញ។ នៅពេលដែលប្រទេសមានសន្តិភាព អ្វីដែលត្រូវធ្វើបន្តគឺការធ្វើឱ្យសេដ្ឋកិច្ច មានការរីកចម្រើន។ លោកស្រីមានជំនឿថា សន្តិភាពនឹងមានបន្តសម្រាប់ប្រទេសទាំងពីរថៃ-កម្ពុជា ដែលនឹងនាំឱ្យសេដ្ឋកិច្ចនៃប្រទេសទាំងពីរក៏មានការរីកចម្រើនផងដែរ។

លោកស្រី ក៏បានថ្លែងគាំទ្រប្រសាសន៍របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលលើកឡើងអំពី ការលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ផងដែរ។

ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងក្នុងនាមលោកកិត្តិសេដ្ឋាបណ្ឌិតផ្ទាល់ លោកបណ្ឌិត ជៀម យាបបានសម្ដែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកស្រីនិងគណៈប្រតិភូថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញមកកាន់រដ្ឋសភានាពេលនេះ។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងថា ជំនួបនាពេលនេះ នឹងជំរុញទំនាក់ទំនងរវាងគណបក្សយើងទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ ឱ្យកាន់តែស៉ីជម្រៅ ស្អិតរមួត និងទូលំទូលាយបន្ថែមទៀត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងសមាជិកសភានៃគណបក្សទាំងពីរ ដើម្បីការពារ និងបង្កើនផល ប្រយោជន៍សម្រាប់ប្រជាជននៃទាំងពីរប្រទេស។

លោកកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើង ពីទំនាក់ទំនងរដ្ឋសភានៃ ប្រទេសទាំងពីរ ដែលតែងតែផ្លាស់ប្តូរគណៈប្រតិភូទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាពិសេសទស្សនកិច្ចរបស់ លោក Wanmuhamadnoor Matha ប្រធានរដ្ឋសភាថៃ ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋសភាប្រទេសទាំងពីរក៏មានការយកចិត្តទុកដាក់ក្នុងការជំរុញយន្តការសភាវ័យក្មេង និងស្ត្រី នៅក្នុងក្របខណ្ឌជាតិ និងអន្តរសភាអាស៊ាន (អាយប៉ា) ជាពិសេស បានរួមគ្នាអភិវឌ្ឍ និងគាំទ្រការជំរុញសភាឌីជីថល ដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើត«បណ្ណាល័យច្បាប់ឌីជីថល AIPA» ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ និងប្រជាជនក្នុងតំបន់អាស៊ាន។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ហើយនេះជាសក្ខីភាពបង្ហាញពីការរីកលូតលាស់នៃភាពសម្បូរបែបនៅក្នុងទំនាក់ទំនងទ្វេភាគី និងបន្តការរីកចម្រើនរួមក្នុងយុគសម័យថ្មី។

លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានរដ្ឋសភាស្ដីទី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃទាំងក្នុងក្របខណ្ឌទ្វេភាគី កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ពិសេសលើវិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ ដែលមានសន្ទុះគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសទាំងពីរ គួរបង្កឱ្យមានលក្ខណៈងាយស្រួលដល់ច្រករបៀងទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសជំរុញយន្តការព្រះរាជាណាចក្រពីរ គោលដៅតែមួយ ធ្វើយ៉ាងណាឱ្យសន្ទុះនៃវិស័យទេសចរណ៍កើនឡើងទ្វេដង ដើម្បីជាផលប្រយោជន៍រួម។

ទាក់ទងនឹងទំនាក់ទំនងអន្តរគណបក្ស លោកកិត្តិសេដ្ឋាបណ្ឌិត បានអរគុណ និងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិរល្អវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សភឿថៃ នៅគ្រប់វេទិកា ជាពិសេសក្នុងក្របខ័ណ្ឌ ICAPP និងថា ក្នុងឆ្នាំ២០២៤នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) លើកទី១១ ហើយគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតនៃសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៉ី (ICAPP) លើកទី១២ ហើយយើងសង្ឃឹមថារដ្ឋសភាថៃ និងគណបក្សភឿថៃ គាំទ្រនិងចូលរួមព្រមទាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងកិច្ចប្រជុំទាំងពីរនេះ៕