(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចេញសារណែនាំឲ្យអាជ្ញាធរ និងកងកម្លាំងនៅទូទាំងប្រទេស សាកល្បងផ្លាស់ប្តូរម៉ោងត្រួតពិនិត្យ គ្រឿងស្រវឹងតាមដងផ្លូវ ចាប់ពីម៉ោង១០យប់ ទៅដល់ម៉ោង២រំលងអធ្រាត្រ។ សម្តេចបញ្ជាក់ថា ប្រសិនបើផ្លាស់ប្តូរម៉ោងហើយគ្រោះថ្នាក់កើនឡើងវិញ​ ត្រូវទម្លាក់ម៉ោងមកវិញ ព្រោះបើជ្រើសរើសរវាងដង្ហើមអាហារដ្ឋាន និងជីវិតរបស់ប្រជាពលរដ្ឋ ត្រូវជ្រើសរើសអាយុជីវិតរបស់ប្រជាពលរដ្ឋជាមុន។

ការចេញសារណែនាំរបស់សម្តេចធិបតី ធ្វើឡើងនៅឡើងនាពេលដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីពេលថ្មីនេះ។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យពិនិត្យកែសម្រួលបន្តិច ល្ងាចមិញខ្ញុំបានដាក់សារទៅឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងដាក់សារទៅរាជធានី-ខេត្ត ការអនុវត្តយើងបានកាត់បន្ថយកន្លែងហ្នឹង មនុស្សមិនសូវចេញ ប្រពន្ធនៅផ្ទះសប្បាយចិត្ត។ ប៉ុន្តែក៏មានអ្នករាងប៉ះខ្លះ រាងស្ងាត់អាហារដ្ឋាន»

សម្តេច បានបន្តថា «ខ្ញុំចេះតែឆ្ងល់ ការទាក់ទងគ្នាទៅអាហារដ្ឋាន ទាល់តែស្រវឹង ឬយ៉ាងម៉េច? អីចឹង ខ្ញុំសុំឲ្យពិនិត្យមើលកិច្ចការនេះ មិនមែនបញ្ឈប់ការអនុវត្តគោលនយោបាយនេះទេ តែឲ្យមើលម៉ោងបន្តិច ព្រោះកន្លែងខេត្តខ្លះ ត្រួតពិនិត្យម៉ោង ៨ល្ងាច។ ដល់ចឹង ម៉ោង ៨ល្ងាច គាត់អត់ចេញទៅតែម្តង អីចឹងវាប៉ះពាល់ខ្លាំង។ ខ្ញុំគិតថា បើយើងនិយាយពីសុវត្ថិភាពអាយុជីវិត យើងត្រូវដាក់ហើយ អាហ្នឹងជាម៉ោងសំខាន់ ប៉ុន្តែវាប៉ះពាល់សេដ្ឋកិច្ច។ ខ្ញុំសុំឲ្យការត្រួតពិនិត្យនេះ ទៅយឺតបន្តិចអាចពីម៉ោង១០ ទៅម៉ោង២»

«ចំពោះខេត្ត បើមានកំណើនការបើកបរធ្វេសប្រហែស ហើយគ្រោះថ្នាក់កើនឡើងវិញ​ ត្រូវទម្លាក់ម៉ោងឡើងវិញ ព្រោះបើរើសរវាងដង្ហើមអាហារដ្ឋាន និងជីវិតរបស់ប្រជាពលរដ្ឋ ត្រូវរើសជីវិតរបស់ប្រជាពលរដ្ឋជាមុន»។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមបែបនេះ៕