(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សៀ សុភ័ក្រ្ត ប្រមុខគណៈកម្មាធិការអចិន្ត្រៃយ៍នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា អមដំណើរដោយអនុប្រធាន២រូប គឺលោក ជា ណារ៉េត និងលោក នៅ បូរ៉ា ព្រមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ថ្នាក់កណ្ដាល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់គណៈកម្មការយុវជន និងសមាជិកយុវជនគ្រីស្ទបរិស័ទកម្ពុជាប្រចាំខេត្តកំពង់ឆ្នាំង ដែលមានសមាជិកអ្នកគាំទ្រ និងសមាជិកសកម្មចូលរួមសរុប២០០នាក់។

មានប្រសាសន៍សំណេះសំណាលទៅកាន់សមាជិកអ្នកគាំទ្រ លោកបណ្ឌិត បានឱ្យដឹងថា គណៈកម្មការយុវជនគ្រីស្ទបរិស័ទកម្ពុជា ដែលមានសមាជិកអ្នកគាំទ្រ សមាជិកសកម្ម សុទ្ធតែជាអ្នករួមជំនឿ ដែលបានទទួលជឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ស្របតាមគោលជំនឿ ព្រះវរបិតាតែមួយ ព្រះរាជបុត្រាតែមួយ ព្រះវិញ្ញាណបរិសុទ្ឋតែមួយ។ អ្នកដែលអាចក្លាយជាសមាជិកអ្នកគាំទ្រ តម្រូវឲ្យមានអាយុចាប់ពី១៥ ឆ្នាំឡើងទៅ។ ឈរលើស្មារតីប្រមូលផ្ដុំកម្លាំងសាមគ្គីភាពជាធ្លុងតែមួយ ជ្រោមជ្រែងសំដៅដល់ការផ្ដល់ឱកាសដល់យុវជនគ្រីស្ទបរិស័ទចូលរួមយ៉ាងសកម្មបុព្វហេតុការងារសង្គមឲ្យបានច្រើន បណ្ដុះស្មារតីយុវជនឲ្យចេះធ្វើការជាក្រុម បង្កលក្ខណៈយ៉ាងសកម្មធ្វើយ៉ាងណាផ្ដល់ឱកាសដល់យុវជនដែលគ្មានឱកាសចូលរួមសកម្មភាពសង្គម ដើម្បីចៀសផុតអំពីភាពអសកម្ម ជាពិសេសឈានទៅរកកាត់បន្ថយចរិតសេពគប់នាំទៅរកអំពើអបាយមុខ អំពើអសីលធម៌ តាមរយៈការអប់រំណែនាំយុវជនដទៃទៀតអំពីផលប៉ះពាល់ធ្ងន់ធ្ងរនៃការសែបគ្រឿងញៀន ចៀសឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញសុខភាព បំផ្លាញគ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិតបានណែនាំដល់ប្រធានប្រតិបត្តិចលនាយុវជនគ្រីស្ទបរិស័ទ ត្រូវចេះធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរដែនដីទៀតសោតត្រូវកៀរគរធនធាននានាតាមដែលអាចធ្វើទៅបានដើម្បីធ្វើសកម្មភាពសប្បុរសធម៌ មនុស្សធម៌ ដល់កុមារកំព្រាខ្វះលទ្ធភាព ទុរគតជន ចាស់ជរាគ្មានទីពឹង ព្រមទាំងសាកសួរសុខទុក្ខអតីតយុទ្ធជនពិការពលីដែលត្រូវបានចូលនិវត្តន៍ជាដើម ដោយគ្មានការរើសអើងនិន្នាការសាសនា ឬក្រុមណាមួយនោះឡើយ សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃការសម្រាលបន្ទុករបស់អាជ្ញាធរមូលដ្ឋាន គឺចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ផងដែរ។

ជាចុងក្រោយ លោកបណ្ឌិតបានថ្លែងយ៉ាងមុតមាំទៅកាន់សមាជិកអ្នកគាំទ្រថា យើងបានការជួបជុំថ្ងៃនេះយើងចង់ចាំជានិច្ចនូវគុណបំណាច់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសប្រសិទ្ធនាមថាជា «បិតាស្ថាបនិកសន្តិភាព» ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ប្រាជ្ញាកម្លាំងកាយពល ដើម្បីបុព្វហេតុសន្តិភាពស្ថេរភាព សុខសន្តិភាពយ៉ាងពេញបរិបូណ៌ និងការអភិវឌ្ឍប្រកបដោយចីរភាព រុងរឿងឲ្យស្មើមុខស្មើរមាត់ដូចប្រទេសក្នុងតំបន់។ យុវជនយើងមានឱកាសរៀនសូត្រ ប្រជុំជួបជុំថ្វាយបង្គំព្រះ មានសិទ្ធិសេរីភាពពេញលេញ ព្រមទាំងសុខដុមរមនីយកម្មសាសនានៅកម្ពុជា គឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានឡើយ ក្រោមការដឹកនាំដ៏មានឥទ្ធិពល និងគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រទេសកម្ពុជា ក្នុងនាមប្រមុខដឹកនាំ ក្រុមការងារថ្នាក់កណ្ដាល សមាជិកគាំទ្រ សមាជិកសកម្មនៃចលនាយុវជនគ្រីស្ទបរិស័ទកម្ពុជា ដែលមានចរិតគាំទ្ររាជរដ្ឋាភិបាល សូមប្ដេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ព្រមទាំងផ្ដល់សេចក្តីទុកចិត្តទាំងស្រុងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាអាណត្តិបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ លោក សូ មិនា ប្រធានគណៈកម្មការប្រតិបត្តិខេត្ត នៃយុវជនគ្រីស្ទបរិស័ទកម្ពុជា បានប្ដេជ្ញាចិត្ត កសាងកម្លាំងចលនាគ្រីស្ទបរិស័ទក្នុងតំបន់ឱ្យបានរឹងមាំ ឯកភាពផ្ទៃក្នុង សាមគ្គីជាធ្លុងតែមួយ សមាជិករួមជំនឿឲ្យកាន់តែសកម្ម ក្នុងសម័យយុវៈឌីជីថល ត្រៀមខ្លួនជាស្រេចសម្រាប់ចូលរួមចលនាក្នុងសង្គម សហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិ ព្រមទាំងគោរពយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលក្ខន្តិកៈនានា ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ព្រមទាំងចូលរួមគោរពនីតិរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា៕