(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានបើកមហាសន្និបាតប្រចាំឆ្នាំរបស់ខ្លួន លើកទី១០ នៅសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រោមអធិបតីភាពរបស់ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម.។ ពិធីនេះ បានធ្វើឡើង នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួម ពីសមាជិកជាមជ្ឈត្តករទាំងអស់របស់ ម.ជ.ម. ដោយផ្ទាល់ និងតាមរយៈការប្រគល់សិទ្ធិប្រទាន ចំនួន ៤៨រូប និងសមាជិកជានីតិបុគ្គលចំនួន ០៤ ស្ថាប័នផងដែរ។

ម.ជ.ម.ក្រោយពីបានពិនិត្យ និងពិភាក្សា មហាសន្និបាត របស់ ម.ជ.ម. បានសម្រេចជាឯកឆ្ឆ័ន្ទលើឯកសារចំនួន៣ ដូចខាងក្រោម៖

១៖ របាយការណ៍គ្រប់គ្រងប្រចាំឆ្នាំ២០២៣ និងត្រីមាសទីមួយឆ្នាំ២០២៤
២៖ របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ និងត្រីមាសទីមួយឆ្នាំ២០២៤
៣៖ និងផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងត្រីមាសទីមួយឆ្នាំ២០២៥។

នៅក្នុងមហាសន្និបាតនេះ លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. ក៏បានជម្រាបជូនសមាជិកទាំងអស់ អំពីការលាលែងរបស់លោកមជ្ឈត្តករ ញាន សុមុន្និន្ន ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤តទៅ ហើយការជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី នឹងត្រូវរៀបចំឡើងនៅ ក្នុងកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញ ស្របតាមវិធានផ្ទៃក្នុងរបស់ ម.ជ.ម.។

ជាថ្មីម្ដងទៀត លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកទាំងអស់ ដែលបានចំណាយពេលវេលាដ៏មាន តម្លៃ ដើម្បីចូលរួមមហាសន្និបាតនេះ និងបានផ្ដល់មតិយោបល់នានា ក្នុងគោលបំណងធ្វើឲ្យ ម.ជ.ម. ក្លាយជាស្ថាប័នដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការមួយ ដែលធុរជនជឿទុកចិត្តក្នុងការដោះស្រាយវិវាទពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានភាពឆាប់រហ័ស។

សូមជម្រាបដែរថា ម.ជ.ម. ជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងដោយច្បាប់ស្ដីពីមជ្ឈត្តការ ពាណិជ្ជកម្មឆ្នាំ២០០៦។ ក្នុងនាមជាមជ្ឈមណ្ឌលមជ្ឈត្តការពាណិជ្ជកម្មតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ម.ជ.ម. មានបេសកម្មផ្ដល់ជូននៅការដោះស្រាយវិវាទពាណិជ្ជកម្ម ក្រៅប្រព័ន្ធតុលាការប្រកបដោយ អព្យាក្រឹតភាព និងប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន ម.ជ.ម. មានសមាជិកជាមជ្ឈត្តករមានចំនួន ៧៩ រូប ដែលមានសញ្ជាតិខ្មែរ និងបរទេស។ ចាប់តាំងពីការចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៣មក ម.ជ.ម. បានទទួលនិងចាត់ចែងសំណុំរឿងចំនួន៤០ (សែសិប) ដែលមាន ទំហំវិវាទច្រើនជាង១០០ (មួយរយ) លានដុល្លារអាមេរិក៕