(ភ្នំពេញ)៖ មន្ទីរពហុព្យាបាលអន្តរជាតិខេមាត្រូវបានបើកសម្ភោធឲ្យដំណើរការជាផ្លូវការហើយ ដែលជាមន្ទីរពហុព្យាបាលអន្តរជាតិ មានសេវាកម្មថែទាំសុខភាពរបស់កម្ពុជាមានគុណភាព និងស្តង់ដារខ្ពស់ដូចនៅបណ្តាប្រទេសមានការអភិឌ្ឍន៍នៅក្នុងតំបន់ និងនៅលើពិភពលោក ពិធីសម្ភោធនេះក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកវេជ្ជបណ្ឌិត សោម លក្ខិណា ជាប្រធានក្រុមប្រឹក្សាភិបាល និងនាយកបច្ចេកទេសនៃមន្ទីរពហុព្យាបាលអន្តរជាតិខេមាបានរាយការណ៍ថា «សម្រាប់រូបខ្ញុំផ្ទាល់គម្រោងថ្មីនេះ មិនត្រឹមតែជាការពង្រឹកសេវាកម្មបន្ថែមពីមន្ទីរសម្រាកព្យាបាល និងសម្ភពខេមានៅទួលគោក ដែលបានបើកករប្រកបដោយ ជោគជ័យប្រមាណ៤ឆ្នាំហើយប៉ុណ្ណោះទេ តែវាក៏ជាឳកាសមួយជួយលើកកម្ពស់គុណភាព និងស្តងដាអនុវត្តឲ្យបានកាន់តែខ្ពស់ថែមមួយកម្រិតទៀត ក្នុងការផ្តល់សេវថែទាំសុខភាពរបស់កម្ពុជាយើង ដើម្បីឈានទៅប្រកួតប្រជែងឲ្យបានស្មើមុខស្មើមាត់ជាមួយនឹងប្រទេសមានការរីកចម្រើននៅក្នុងតំបន់នាពេលអនាគត»។
លោកវេជ្ជបណ្ឌិត អ៊ុំ សុភាព នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមាបានបង្ហាញថា «បន្ទាប់ពីបើកដំណើរការមន្ទីរពហុព្យាបាលអន្តរជាតិខេមានេះទៅ ខ្ញុំយល់ថា បងប្អូនយើងមួយចំនួន ដែលតែងតែទៅរកការព្យាបាលនៅក្រៅប្រទេស អាចងាកមកប្រើប្រាស់សេវាកម្មថែទាំសុខភាពក្នុងស្រុកយើងវិញ ព្រោះត្រូវចំណាយតិចជាង ចំណេញពេញច្រើនជាង ហើយនៅជិតផ្ទះ ជិតក្រុមគ្រួសារ និងទទួលបានសេវាល្អ គួរឲ្យទុកចិត្តទៀតផង ដោយមន្ទីរពហុព្យាបាលអន្តរជាតិខេមាមានផ្តល់សេវាកម្មវេជ្ជសាស្រ្តជាច្រើនផ្នែកជាអាទិ៍ ផ្នែកព្យាបាលរបួស និងសង្រ្គោះបន្ទាន់ ផ្នែកសម្ភព និងរោគស្រ្តី កុមារ ជំងឺទូទៅ ជំងឺឆ្អឹង ជំងឺមិនឆ្លង ទឹកនោមផ្អែម សួត បេះដូង និងជំងឺសរសៃរឈាម ជំងឺមហារីក ផែ្នកវះកាត់»។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកគ្រប់គ្រង និងបុគ្គលិកមន្ទីរពហុព្យាបាលអន្តរជាតិខេមា ក៏ដូចជាសហគ្រិនខ្មែរយើង ដែលបានរួមគ្នាធ្វើឲ្យសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈនេះ ដោយក្រៅពីបានចូលរួមលើកម្ពស់គុណភាពសេវាថែទាំសុខភាពសមិទ្ធផលថ្មីមួយនេះ ក៏បានជួយបង្កើតឳកាសករងារមួយចំនួនដល់យុវជនជំនាន់ក្រោយរបស់យើងដែលបានបញ្ចប់ការសិក្សាពីសាលាជំនាញ និងសាលាឯកទេសនានា»។
លោកជំទាវឧបនាយករដ្ឋមន្រ្តីបានបន្តទៀតថា សម្រាប់ការចូលបម្រើការងារ ពង្រីកការយល់ដឹង និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូពេទ្យរៀមច្បង និងគ្រូពេទ្យបរទេសខ្លះ ដើម្បីអភិឌ្ឍន៍ខ្លួនឲ្យបានកាន់ តែប្រសើរឡើងនៅក្នុងវិជ្ជាជីវៈវេជ្ជសាស្រ្ត ហើយប្រើប្រាស់នូវចំណេះដឹងថ្មីៗរបស់ខ្លួន រួមចំណែកពង្រឹង និងអភិឌ្ឍន៍វិស័យសុខាភិបាលរបស់ជាតិយើង ឆ្ពោះទៅទៅរកអនាគតត្រចះត្រចង់ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សាធារណជនទូទៅ ក៏ដូចជាបានចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាដែរ៕