(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា​ សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបន្ដលើកទឹកចិត្តឲ្យមាតាបិតា ឬអាណាព្យាបាលសិស្ស បញ្ជូនកូនទៅសាលាឲ្យបានគ្រប់គ្នា ព្រោះការបញ្ជូនកូនមកសាលា ដូចជាការសន្សំប្រាក់ឱ្យកូន នឹងជួយស្រោចស្រង់ជីវភាពឱ្យផុតពីភាពក្រីក្រ ដោយប្រសិទ្ធភាព និងផ្ដល់អនាគតភ្លឺស្វាង។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ការបញ្ជូនកូនមករៀនមិនត្រឹមតែជាកាតព្វកិច្ច ចំពោះមាតាបិតាគ្រប់រូបនោះទេ តែក៏ដូចជាការសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពឱ្យផុតពីភាពក្រីក្រ ដោយប្រសិទ្ធភាពផងដែរ ដូចពាក្យស្លោកមួយពោលថា ការសិក្សាជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែក ទាល់តែរៀបចំពីថ្ងៃនេះ»

ការលើកឡើងស្រីបណ្ឌិត ជា​ សិរី ធ្វើឡើងក្នុងឱកាសលោកស្រីអញ្ជើញសំ ណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ស្នោរ-ឃ្លៃ ស្ថិតក្នុងឃុំកំពង់ថ្ម និងសាលាបឋមសិក្សាបន្ទាយយោមរាជ ក្នុងឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤។

លោកស្រីបណ្ឌិត ជា​ សិរី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុកទុក្ខ ពីសំណាក់លោកបណ្ឌិត ជា ចាន់តូ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជនកម្ពុជា​​ និងជាសមាជិករដ្ឋសភា នីតិកាល​ទី ៧ និងលោកស្រី ខៀវ ស៊ីណា ជូនលោក-លោកស្រី លោកគ្រូ-អ្នកគ្រូ និងក្មួយៗទាំងអស់ ព្រមទាំងក្រុមការងារថ្នាក់មូលដ្ឋាន និងក្រុមការងារធនាគារជាតិ។

លោកស្រីបណ្ឌិតក៏បានអបអរសាទរ ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដែលមានបេក្ខជននៅខេត្តកំពង់ធំ ប្រឡងជាប់មានរហូតទៅដល់៨០% ក្នុងនោះមាន​ស្រី៨៩% ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០២២ ប្រមាណ ៧%។

លោកសាភិបាលបានលើកឡើងថា សាលាបឋមសិក្សា ជាថ្នាលសិក្សាមូលដ្ឋានគ្រឹះដ៏សំខាន់ចូលរួមចំណែក សម្រេចបានលទ្ធផលខាងលើនេះ តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់ក្មួយៗសិស្សានុសិស្ស ជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ប្រកបដោយគុណភាព ហើយការសិក្សាក្នុងស្ថានភាពល្អប្រសើរដូចនេះ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញឱ្យក្មួយៗ ចង់បន្តការសិក្សាទៅមុខបានវែងឆ្ងាយបន្តទៀត។

លោកស្រីបណ្ឌិតបានផ្តាំបានផ្ញើរ និងណែនាំដល់ក្រុមការងារត្រូវក្តាប់ឱ្យជាប់ ពីសុខទុក្ខរបស់ប្រជាជន ដោយមិនមែនត្រឹមតែចុះ មកជួបមួយភ្លែតៗនោះទេ ជាពិសេសចំពោះក្មួយៗ ស្ថិតក្នុងគ្រួសារក្រីក្រដែលអាចប្រឈមនឹង ហានិភ័យខ្ពស់ចំពោះការបោះបង់ចោលការសិក្សា។

លោកស្រីបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា «ការបញ្ជូនកូនមករៀនមិនត្រឹមតែជាកាតព្វកិច្ច របស់មាតាបិតាគ្រប់រូបនោះទេ ប៉ុន្តែតាមរយៈសកម្មភាពនេះ ដូចយើងបានសន្សំប្រាក់ឱ្យកូន និងជួយស្រោចស្រង់ជីវភាពពួកគេ ឱ្យផុតពីភាពក្រីក្រផងដែរ ដូចពាក្យស្លោកបមួយពោលថា៖ ការសិក្សាគឺជាស្ពានឆ្ពោះទៅអនាគត ចង់មានថ្ងៃស្អែកទាល់តែរៀបចំពីថ្ងៃនេះ»

លោកស្រីបណ្ឌិតបានបញ្ជាក់ថា លើសពីនេះការបញ្ជូនកូនមករៀន ក៏ជាការរួមចំណែកដល់កសាង និងអភិវឌ្ឍសង្គមជាតិ សម្រាប់រយៈពេលវែងព្រោះថា ក្មួយៗកំពុងសិក្សានាពេលនេះ នឹងក្លាយជាសសរទ្រូង ដ៏រឹងមាំប្រកបដោយគុណភាព នៅក្នុងវិស័យនានា ហើយក្មួយៗក៏អាចក្លាយជាថ្នាក់ដឹកនាំ នាពេលអនាគត ដូចនេះត្រូវបន្តបញ្ជូនកូនមកសាលា និងចេះជួយលើកទឹកចិត្តកូនចៅ និងបង្កលក្ខណៈឱ្យកូនៗបានបន្តការសិក្សា ទាំងកូន​ប្រុស និងកូនស្រីបានស្មើៗគ្នា។

លោកស្រីបណ្ឌិតសូមលើកទឹកចិត្ត ជាពិសេសដល់ការបញ្ជូនកុមារីមកសាលារៀន ដើម្បីទទួលបានការសិក្សា អប់រំឱ្យបានពេញលេញ ដោយសារស្ត្រីពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការអភិវឌ្ឍសង្គមខ្មែរ ក៏ដូចជាលើកមុខមាត់កម្ពុជា លើឆាកអន្តរជាតិ​។ ជាក់ស្ដែងនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ស្រី្តបានទទួលតំណែង និងការទទួលខុសត្រូវកាន់តែសំខាន់ ទាំងវិស័យសាធារណៈ និងឯកជន ក្នុងនោះប្រទេសកម្ពុជា មានស្ត្រីជាប្រធានរដ្ឋសភា និងរដ្ឋមន្ត្រី។

ទន្ទឹមគ្នានេះលោកស្រីអគ្គទេសាភិបាល បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវរួមគ្នាថែរក្សាអនាម័យ និងបរិស្ថានល្អ ទាំងក្នុងថ្នាក់រៀន និងទីធ្លាសាលា ព្រមទាំងការរស់នៅស្អាត និងហូបចុកមានអនាម័យ ជាមួយនេះត្រូវគោរពវិន័យសាលា ចេះគោរពចាស់ទុំ ចេះជួយគ្នា និងយកអាសារគ្នាទៅវិញទៅមក ត្រូវចេះជួយកិច្ចការផ្ទះរបស់ឳពុកម្តាយ។ ក្មួយៗមតេយ្យសិក្សាប្រហែលមិនទាន់អាចជួយអីបានទេ ប៉ុន្តែសម្រាប់ក្មួយៗថ្នាក់ទី ៥ ទី៦ អាចជួយកិច្ចការផ្ទះបានហើយ ដើម្បីសម្រាលការលំបាករបស់គ្រួសារ ហើយត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយទៅជាសិស្សពូកែ កុំសេពគប់មិត្តភក្តិមិនល្អ និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន ។

នាឱកាសនោះលោកស្រីបណ្ឌិត ជា សិរី បាននាំនូវអំណោយជូនលោកគ្រូ អ្នកគ្រូក្នុងឃុំកំពង់ថ្ម និងឃុំប្រាសាទចំនួន៣២នាក់និង សិស្សានុសិស្សទាំងពីរសាលាចំនួន៣៤០នាក់ក្នុងនោះសម្រាប់ លោកគ្រូ អ្នកគ្រូ ម្នាក់ៗទទួលបានសារ៉ុង ១ និង​ថវិកា ៥ម៉ឺនរៀល និង សិស្សានុសិស្ស ម្នាក់ ៗទទួលបាន៖ ឯកសណ្ឋានសិស្ស ១ឈុត, សៀវភៅ, ប៉ិច, ដៃខ្មៅ, បន្ទាត់ , ជជ័រលុប និង ដែកខួង, ថវិកា ១ម៉ឺនរៀល , នំ និងទឹកដោះគោ ១កញ្ចប់៕