(ព្រៃវែង)៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកកំចាយមារ ដែលដឹកនាំដោយលោក អាំង សិរីពិសិដ្ឋ តំណាងលោក ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានជួបសំណេះសំណាល និងចែកមួកសុវត្ថិភាពដល់យុវជន ស.ស.យ.ក អ្នកគ្រូលោកគ្រូ ប្រជាពលរដ្ឋ និងសមាគមម៉ូតូកង់៣ ចំនួន២៤០នាក់ មកពីឃុំចំនួន៨ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។
លោក អាំង សិរីពិសិដ្ឋ បានថ្លែងថា ការចែកមួកសុវត្ថិភាពនេះ គឺអនុវត្តតាមទិសដៅរបស់លោក ស សុខា ដែលបានដាក់ផែនការជូនស្រុកក្រុងនីមួយៗ ទូទាំងខេត្តព្រៃវែង ដែលទិសដៅនេះ គឺចង់ឲ្យយុវជន ស្រលាញ់គ្នា សាមគ្គីគ្នា ដើម្បីខ្មែរនិងខ្មែរ ចូលរួមអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ដោយមិនប្រកាន់ពីនិន្នាការនយោបាយឡើយ។
លោកបានផ្តាំផ្ញើទៅដល់យុវជនទាំងអស់ ត្រូវចូលរួមក្នុងសកម្មភាពសង្គម ពិនិត្យមើលពីទុក្ខលំបាក និងបញ្ហាប្រឈមប្រចាំថ្ងៃនានា របស់បងប្អូនប្រជាពលរដ្ឋទូទាំងស្រុកកំចាយមារ គ្មានផ្ទះសំបែង ខ្វះខាតជីវភាពធ្ងន់ធ្ងរ និងគ្រោះធម្មជាតិ គ្រោះអកុសលដោយចៃដន្យណាមួយ ដោយធ្វើការរាយការណ៍ ជូនក្រុមការងារចុះជួយ តាមរយ:សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំចាយមារ ដើម្បីចូលរួមដោះស្រាយជូន ពួកគាត់បានទាន់ពេលវេលា។
ក្នុងឱកាសនោះ លោកដឹកនាំក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ចុះជួយស្រុកកំចាយមារ និងសិស្សសាលាភូមិន្ឋរដ្ឋបាលបន្ទប់ព្រះវិហារវេនព្រឹក បានដាំដើមឈើចំនួន១០ដើម ដែលជាប់ព្រំដែនស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ហើយចុះជួបស្រ្តីមេម៉ាយ ដែលក្រុមយុវជនស.ស.យ.ក ជួបសាងសង់ផ្ទះ ជូនប្រជាពលរដ្ឋក្រីក្រគ្មានផ្ទះសំបែងបាន១ខ្នង ព្រមទំាងជូនអំណោយអង្ករ៥០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕