(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានធ្វើអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងក្រុងបាត់ដំបង ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលមានរយៈពេល៩០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ការអំពាវនាវបែបនេះ របស់សម្ដេច ស ខេង ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ខណៈដែលសម្ដេចអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ធឹម សុផា អគ្គសវនកម្មក្រសួងមហាផ្ទៃ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក៏បានទៅចុះឈ្មោះបោះឆ្នោតផងដែរ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតនាពេលនេះ គឺដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នាឆ្នាំ២០១៧ខាងមុខនេះ៕