(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ពុទ្ធាភិសេក ស្រោចស្រពសុគន្ធវារី ប្រគេន ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះគ្រូចៅអធិការវត្តពាមមេត្រី នៅស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ។

ពិធីនេះដោយមានការនិមន្តចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមង្គលចតុម្មុខរង្សី មេគណរាជធានីភ្នំពេញ , ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី មេគណខេត្តកំពង់ធំ និងមានការចូលរួមពីមន្រ្តីរាជការ អាចារ្យ គណៈកម្មការ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជាច្រើនទៀត។

ថ្លែងនាឱកាសនោះ​ លោកបណ្ឌិត​ ថោង​ ខុន​ បានបញ្ជាក់ថា ព្រោះតែប្រទេសយើងមានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យ ធ្វើកុសល សាងសេចក្តីល្អ លាងជម្រះសម្អាតផ្លូវចិត្តរបស់យើងឱ្យបានស្អាតល្អផូរផង់ លុបបំបាត់ចោលនូវគំនំគុំគួន ការព្យាបាទគ្នា តាមមាគ៌ាសន្តិភាព ដែលព្រះពុទ្ធជាម្ចាស់បានត្រាស់បង្ហាញផ្លូវដល់យើងទុកគោរពប្រតិបត្តិ។

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា ព្រះពុទ្ធសាសនា ព្រះសង្ឃ វត្តអារាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាំងពីបូរាណកាលមករហូតដល់បច្ចុប្បន្ន។ ព្រះសង្ឃមានកិត្យានុភាពខ្ពស់ ហើយមានឥទ្ធិពលធំធេង ណាស់ទៅលើជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ព្រះសង្ឃបានលះបង់អ្វីៗគ្រប់បែបយ៉ាង មានសេចក្តីសុខផ្ទាល់ខ្លួន រូបសម្រស់ និងយុវភាព លះបង់ទ្រព្យសម្បត្តិ ភូមិឋាន កេរមរតកគ្រប់បែបយ៉ាង ហើយចូលមកបួសក្នុងព្រះពុទ្ធសាសនា។

ព្រះសង្ឃយើងមានមេត្តាធម៌ មានចិត្តសន្តោសប្រោសប្រណីដ៏ប្រសើរ មិនប្រកាន់វណ្ណៈ លើកកម្ពស់ខ្លួន ហើយព្រះអង្គមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំចរិយាធម៌ និងសីលធម៌សង្គម មានសីលធម៌ គុណធម៌ ចរិយាធម៌ ជាអាកប្បកិរិយាដ៏គំរូ ផ្តល់នូវការគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ និងស្មោះស្ម័គ្រពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន។ ព្រះអង្គបានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៏វត្តអារាម ធ្វើឲ្យទីវត្តក្លាយទៅជាបូជនីយដ្ឋាន និងជារមណីយដ្ឋានដ៏ល្អសម្រាប់ប្រជាពុទ្ធបរិស័ទដែលអាស្រ័យនៅក្នុងសហគម។

លោកបណ្ឌិត ថោង ខុន បានបន្ថែមថា វត្តអារាមជាទីត្រជាក់កាយ ត្រជាក់ចិត្ត ដល់អ្នកដែលបានចូលទៅគោរពបតិបត្តិ ក្នុងសីល សមាធិ បញ្ញា។ ម្យ៉ាងទៀត ព្រះសង្ឃចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ, ព្រះអង្គបានជួយឧបត្ថម្ភលើវិស័យសង្គមកិច្ច សិក្សាធិការ សុខាភិបាល បរិស្ថាន និងផ្តល់នូវធម្ម ទេសនាសម្រាប់ជំនួយស្មារតីដល់ពុទ្ធមាមិកជនគ្រប់ស្រទាប់វណ្ណៈ។

ធម៌ព្រះពុទ្ធជាគន្លង និងជាផ្លូវដ៏សំខាន់សំរាប់អប់រំកាយ វាចា ចិត្ត និងសំរាប់បណ្តុះបណ្តាលឲ្យកើតមានមេត្តា ករុណា ប្រាចាកលោភៈ ទោសៈ មោហៈ ដើម្បីជួយមនុស្សក្នុងសង្គមឲ្យរួចចាកផុតពីសេចក្តីទុក្ខកង្វល់ ឆ្ពោះទៅរកសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ។ ព្រះសង្ឃបានសម្តែងអំពីសង្គហធម៌ តូនាទីគោរពមាតាបិតា កិច្ចសង្គ្រោះបុត្រធីតា គ្រូនិងសិស្ស ស្វាមីនិងភរិយា មិត្តនិងមិត្ត និយោជកនិងនិយោជិត ព្រះរាជានិងប្រជានុរាស្រ្ត ភិក្ខុសង្ឃនិងឧបាសក ឧបាសិកា ពុទ្ធបរិស័ទជាដើម ដែលជាខ្លឹមសារដ៏សំខាន់ប្រកបដោយឧត្តមប្រយោជន៏សម្រាប់ការរស់នៅ និងមានសាមគ្គីធម៌។

លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សប្រជាជនកម្ពុជា ភាគច្រើនគឺជាពុទ្ធសាសនិកជន តែងតែទំនុកបម្រុងព្រះពុទ្ធសាសនា ធ្វើបុណ្យ ធ្វើកុសលជាប្រចាំទាំងអាណាចក្រ និងពុទ្ធចក្រ។ គណបក្សប្រជាជនកម្ពុជា ខិតខំកសាងនិងបង្រួបបង្រួមប្រទេសជាតិ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រហូតធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់សព្វថ្ងៃ។ បច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកខិតខំបន្តរពង្រឹងពង្រីក និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាអោយកាន់តែរីកចម្រើនបន្ថែមទៀតតាមលំអានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកសន្តិភាពនៅកម្ពុជា ដែលតែងតែកសាងនិងដឹកនាំប្រទេសឱ្យមានភាពរីកចម្រើនលូតលាស់លើគ្រប់វិស័យផងដែរ៕