(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីការសម្រេចឃុំខ្លួនជនជាតិចិនចំនួន ០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន០១នាក់ ករណីគ្រឿងញៀនទម្ងន់ប្រមាណ៦គីឡូក្រាម និងបទល្មើសសម្អាតប្រាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បាននឹងកំពុងចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ១៧៤២ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីគ្រឿងញៀន និងសារធាតុញៀន ប្រភេទ អឹម.ឌី.អឹម.អេ (MDMA) ទម្ងន់ ២៣៣៦,៥២ក្រាម ប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៧២៤,៩០ក្រាម ប្រភេទមេតំហ្វេតាមីន (METAMFETAMINE) ទម្ងន់ ១៦៤៨ក្រាម ប្រភេទរុក្ខជាតិក្រៀមទម្ងន់ ១០៨,០៩ក្រាម និងសារធាតុមិនច្បាស់លាស់ទម្ងន់ ៩២៥,០២ក្រាម និងករណីសម្អាតប្រាក់។

តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាជនត្រូវចោទមានខ្លួនចំនួន ៥នាក់រួមមាន៖

ទី១៖ ឈ្មោះ TEOH KIN HONG (ZHANG JING KANG) ភេទប្រុស អាយុ២៧ឆ្នាំ
ទី២៖ ឈ្មោះ YANG MINGLIANG ភេទ ប្រុស អាយុ៣៩ឆ្នាំ
ទី៣៖ ឈ្មោះ JIANG WEI ភេទប្រុស អាយុ៣៧ឆ្នាំ
ទី៤៖ ឈ្មោះ ZHANG YONGLIN ភេទប្រុស អាយុ៣០ឆ្នាំ
និងទី៥៖ ឈ្មោះ SUN FENG ភេទស្រី អាយុ ៣៦ឆ្នាំ និងជនត្រូវចោទចំនួន ១នាក់ទៀត កំពុងគេចខ្លួន ត្រូវបានចោប្រកាន់ពីបទរក្សាទុក, ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន, ចាត់ចែងឱ្យប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន, សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបទសម្អាតប្រាក់ ប្រព្រឹត្ត នៅទីតាំងខារ៉ាអូខេឈ្មោះ CITY OF STARRY SKY សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃបើកដំណើរការអាជីវកម្ម រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤០ មាត្រា៤២ មាត្រា៤៤ និងមាត្រា៧១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ៥នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕