(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានប្រមូលផ្តុំកងកម្លាំងក្រោមឱវាទទូទាំងរាជធានី មកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួបសំណេះសំណាល អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលខាងមុខ។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់អំណោយលើកទឹកចិត្តរួមមាន៖ ទឹកក្រូចដប ២,៥០០ កែស, អាវយឺត ២,៥០០អាវ, ស្វាយកែវរមៀត ៨តោន, ទឹកដោះគោបឺត ៣០០កែស និង ថ្លែងអំណរគុណ ចំពោះបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអង្គភាពអាវធហត្ថរាជធានីភ្នំពេញទាំងមូល ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយ ពេញមួយឆ្នាំកន្លងមក ក៏ដូចជាបានរួមសុខរួមទុក្ខ ជាមួយលោកផ្ទាល់ រយៈពេល១១ឆ្នាំ ដែលលោកមកកាន់ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសជួបជុំនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានពាំនាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំង ក្រុមគ្រួសារផងដែរ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស នៅគ្រប់ពិធីបុណ្យជាតិ សាសនា ដែលប្រជាពលរដ្ឋ ជួបជុំគ្រួសារ ដើរលេងសប្បាយ គឺជាពេលដែលកម្លាំងសមត្ថកិច្ច រឹតតែត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតី ទទួលខុសត្រូវ លើការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ កាន់តែមមាញឹកជាងពេលធម្មតា ដូច្នេះ ដើម្បីជាការលើកទឹកចិត្ត ទើបជារៀងរាល់ឆ្នាំ លោកឆ្លៀតពេលរៀបចំពិធីជួបជុំសំណេះសំណាលនេះឡើង ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃ អបអរសាទរបុណ្យចូលឆ្នាំថ្មី ដោយក្នុងម្នាក់ៗទទួលបានទឹកក្រូចដប ០១កេស, អាវយឺត០១, ទឹកដោះគោបឺត ចំនួន ០១យួរ​ ព្រមទាំង ផ្លែស្វាយ ទឹកសុទ្ធ គ្រប់ៗគ្នា និងរៀបចំពិធីជប់លៀង ជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូល បានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដើម្បីទុកពេលវេលា ការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំ ដែលឆ្នាំនេះពិធីជប់លៀងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានរម្លឹកថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បងប្អូនត្រូវចងចាំជានិច្ច នូវវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រំដោះប្រជាជនកម្ពុជា នាថ្ងៃ៧ មករា ១៩៧៩ ឱ្យរួចផុតពីរបបវាលពិឃាតប្រល័យពូជសាសន៍ សម្លាប់ប្រជាជនខ្មែរអស់ជាង ៣លាននាក់ គឺរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត ហើយសម្តេចតេជោ ជាស្ថាបនិក មគ្គុទ្ទេសក៍ឯក ដែលបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឱ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ជាពិសេសសម្តេចតេជោ បានជួយសង្គ្រោះប្រជាជនកម្ពុជា ជាលើកទី២ ដោយសម្តេចបានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ១៩ បានស្ដារស្ថានភាពកម្ពុជា ឱ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សនិងមានឈ្មោះជាប្រទេសតូច បេះដូងធំ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា៖ «បច្ចុប្បន្ន រាជរដ្ឋាភិបាលអណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តការដឹកនាំពីសម្តេចតេជោ ដោយដាក់ចេញនូវយុទ្ធសាស្ត្រ ចក្ខុវិស័យ ជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការឯកភាពជាតិ។ ដូច្នេះក្នុងនាមអាវុធហត្ថ ក្រៅពីទទួលរ៉ាប់រងអនុវត្តការងារតាមតួនាទីភារកិច្ច និងសហការណ៍ជាមួយស្ថាប័ន សមត្ថកិច្ច កម្លាំងប្រដាប់អាវុធផ្សេងទៀតដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក៏ត្រូវតែចេះតាមដានព័ត៌មានផ្សេងៗ និងត្រូវក្តាប់ឱ្យបានរាល់ព័ត៌មានតាមបណ្តាខេត្តរាជធានី ក៏ដូចជាពិភពលោក ដើម្បីជាត្រីវិស័យឆ្លុះបញ្ចាំងដល់ខ្លួនឱ្យបានដឹងបានយល់វែងឆ្ងាយជៀសវាងកុំឱ្យដូចកង្កែបក្នុងអណ្តូង ព្រោះសម័យនេះ គឺជាសម័យឌីជីថល និងជាសម័យ AI ហើយបច្ចេកវិទ្យារបស់ពួកឧក្រិដ្ឋជនក៏ដូចជាជនល្មើស ឬភេរវករក៏ Update តាមសម័យកាលហ្នឹងដែរ បើយើងតាមសភាពការណ៍មិនទាន់ទេ គឺយើងបង្ក្រាបពួកទាំងហ្នឹងមិនបានឡើយ»

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តាំផ្ញើដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ សូមអនុវត្តឱ្តបាននូវគោលការណ៍របស់លោកចំនួនពីរគឺទី១៖ ត្រូវចេះតាមដានសុខភាពខ្លួនឯង និងក្រុមគ្រួសារឱ្យបានជាប់ជាប្រចាំ ក្នុង១ឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់១ ឬ២ដង ឱ្យបានទៀងទាត់ និងទី២៖ ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារ ធ្វើយ៉ាងណាឱ្យចំណាយតិចជាងចំណូល និងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់៕