(សៀមរាប)៖ «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា និងមានលោក ពុយ គា ជាប្រធានបានបញ្ចប់ទៅដោយជោគជ័យហើយ ក្រោយបំពេញការងារក្នុងការចុះទៅកាន់ទីតាំងរមណីយដ្ឋាន និងសិប្បកម្មនានា នៅក្នុងខេត្តមួយនេះអស់រយៈពេល៣ថ្ងៃ។

នៅថ្ងៃទី២ និងទី៣ នៃដំណើរបេសកកម្មនេះ ក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកកាសែតជាតិ និង អន្តរជាតិ ចំនួន៤២នាក់ មកពី៣២ស្ថាប័ន ទៅកាន់ទីកន្លែងដូចជា៖ ថ្ងៃទី២ នៃបេសកកម្មត្រូវចំថ្ងៃទី១៦ ខែមីនា ក្រុមអ្នកសារព័ត៌មាននៅព្រឹកព្រលឹមបានធ្វើដំណើរដោយរថយន្ត jeep ធ្វើដំណើរទៅស្រុកព្រះដាក់ ដើម្បីឈ្វេងយល់អំពីការធ្វើសិប្បកម្ម ផលិតស្ករត្នោត បន្តជិះរទេះគោទៅមើលការផលិតនំបញ្ចុក នំក្រឡាន ធ្វើធូបបែបបុរាណដែលសិប្បកម្មទាំងនេះបានទទួលរងផលប៉ះពាល់ខ្លាំងនាអំឡុង Covid-19 ហើយទើបតែចាប់ប្រសើរឡើងវិញនៅរយៈមួយឆ្នាំចុងក្រោយនេះ នៅពេល Covid-19 បានស្ងប់ស្ងាត់ទៅ ហើយចំនួនភ្ញៀវទេសចរក៏ចាប់ផ្ដើមកើនឡើងវិញ។

ចំណែកថ្ងៃទី៣ នៃបេសកកម្មក្រុមអ្នកសារព័ត៌មានបានបន្តជួបជាមួយរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សុខ សូកេន នៅមុខប្រាសាទអង្គរវត្ត ហើយលោកបានបង្ហាញនូវការជឿជាក់ថា នៅឆ្នាំ២០២៤នេះ វិស័យទេសចរណ៍នៅកម្ពុជា  នឹងមានការកើនឡើងវិញដូច ឬលើស កាលពីឆ្នាំ២០១៩ គ្រាដែលមិនទាន់មានការរីករាលដាលជំងឺ Covid-19 តាមរយៈគម្រោងជាច្រើន ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានត្រៀមនឹងធ្វើនៅឆ្នាំ២០២៤នេះ។

ក្រោយបញ្ចប់កិច្ចសម្ភាសជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រុមអ្នកសារព័ត៌មានបានបន្តដំណើរទៅកាន់សហគមន៍ទេសចរណ៍កំពង់ភ្លុក ដើម្បីសិក្សាពីការប្រកបរបរចិញ្ចឹមជីវិតលើវិស័យទេសចរណ៍ និងនេសាទត្រីនៅបឹងទន្លេសាប។

បើតាមការបញ្ជាក់ពីលោក សាង គង់ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកបានឲ្យដឹងថា ជាងមួយឆ្នាំមកនេះសហគមន៍បានចាប់ផ្ដើមទទួលបានការគាំទ្រពីភ្ញៀវទេចរឡើងវិញហើយក្រោយស្ងប់ស្ងាត់ដោយសារតែ Covid-19។

ប្រធានសហគមន៍ទេចរណ៍ធម្មជាតិកំពង់ភ្លុកបានឲ្យដឹងទៀតថា ភ្ញៀវទេចរដែលនិយមមកលេងទីតាំងនេះភាគច្រើនជាភ្ញៀវជាតិ ហើយខែដែរល្អក្នុងការមកកំសាន្តមានចាប់ពីខែសីហា ដល់ខែមករា ជាពេលដែលទន្លេសាបមានទឹកច្រើន។

ទន្ទឹមនឹងការចាប់ផ្ដើមកើនឡើងវិញនៃភ្ញៀវទេចរ ប្រធានសហគមន៍ទេចរណ៍ធម្មជាតិកំពង់ភ្លុក ក៏សូមអំពាវនាវដល់រដ្ឋាភិបាលជួយក្នុងការស្ដារប្រឡាយដៃទន្លេ ដែលជាផ្លូវធ្វើដំណើរទៅទន្លេសាបរបស់ទូកទេសចរណ៍ និងសូមឲ្យជួយសាងសង់ផ្លូវបេតុងដើម្បីភាពងាយស្រួលដល់ប្រជាសហគមន៍ និងភ្ញៀវទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា «បេសកកម្មព័ត៌មាន ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំ ពីសក្ដានុពលទេសចរណ៍ខេត្តសៀមរាប» នេះ មានការចូលរួមសហការណ៍ឧបតម្ភពីសំណាក់ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប បណ្ដាញព័ត៌មាន Fresh News សណ្ឋាគារនិងដៃគូជាច្រើនទៀត ដើម្បីជួយសម្រួលដល់ដំណើរការនៃការចុះដល់ទីកន្លែងទេសចរណ៍ផ្ទាល់ និងផ្សព្វផ្សាយទៅកាន់ពិភពលោក អំពីសក្តានុពលទេចរណ៍នៃខេត្តសៀមរាប។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែត បានបញ្ជាក់ថា បេសកកម្មនេះអាចនឹងបន្តទៅគ្រប់ខេត្ត ឬគោលដៅទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ប្រសិនជាមានការបន្តគាំទ្រពីរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ៕