(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការសោកស្ដាយជាពន់ពេក ចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

តាមរយៈសារលិខិតរំលែកទុក្ខ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖ «សម្ដេចមហារដ្ឋសភាធិការធិបតី ជាទីរាប់អាន! ខ្ញុំ និងភរិយាមានសេចក្តីក្រៀមក្រំ និងសោកស្ដាយក្រោយទទួលដំណឹងថា ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេច បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧៖៤០ នាទីរសៀល ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យជាទីបំផុត ព្រោះថាការបាត់បង់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់ប្អូន ប្រុស ស្វាមី ឪពុក ឪពុកក្មេក ប្រកបដោយសង្គហធម៌ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូន ចៅជាទីស្រឡាញ់ ហើយជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងប្រកបដោយឆន្ទៈមនសិការមោះមុត និងបំពេញការងារយ៉ាងសកម្មជាមួយស្ថាប័ននីតិប្រតិប្បញ្ញត្តិ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ឃួន ផល្លារិទ្ធ សូមឆាប់បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមសម្តេច ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពី ខ្ញុំ និងភរិយា»៕