(ភ្នំពេញ)៖ នៅសាលមហោស្រពកោះពេជ្រ នាថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំជាមួយសកម្មជនយុវជនផែនក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចំនួនប្រមាណ ៤០០០ នាក់ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ និង ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោក នួន ផារ័ត្ន បានជម្រាបជូនអង្គពិធីទាំងមូលថា កិច្ចប្រជុំនាថ្ងៃនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជម្រាបជូនបងប្អូនប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានជ្រួតជ្រាបអំពីកម្មវិធីនយោបាយ ក៏ដូចជាការផ្តោតការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ចំពោះបងប្អូនដែលកំពុងរកទទួលទានក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ថ្លែងក្នុងឱកាសនោះ បន្ទាប់ពីបានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកបានបន្តជម្រាបជូនបងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពីកម្មវិធីនយោបាយរបស់គណបក្ស កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ វិធានការគន្លឹះក្នុងវិស័យទាំង៤ ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទាំង៦។

នៅក្នុងឱកាសនោះ លោក ហែម វណ្ណឌី ប្រធានគណៈកម្មាធិការគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញមានមតិសំណេះសំណាល ដោយបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយបងប្អូនសកម្មជនក្នុងផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងបានជម្រាបជូនបងប្អូនអំពីកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោមប្រាំមួយ ដែលផ្តោតអាទិភាពជាសំខាន់ចំពោះបងប្អូនប្រកបរបរនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨»

លោកបានជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកំពុងរៀបចំផែនការសកម្មភាព ព្រមទាំងយន្តការប្រមូលទិន្នន័យ ជាមួយភាគីពាក់ព័ន្ធ ដើម្បីកំណត់ និងវាយតម្លៃជាមូលដ្ឋានទិន្នន័យពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មុននឹងឈានដល់ការអភិវឌ្ឍប្រព័ន្ធចុះឈ្មោះនាពេលខាងមុខ ដើម្បីកំណត់បានគោលដៅច្បាស់លាស់សម្រាប់ការទទួលបានជំនួយជាក់ស្តែងពីរាជរដ្ឋាភិបាល។

បងប្អូនសកម្មជននៃផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្ហាញអារម្មណ៍ស្វាគមន៍រីករាយ ដោយបានយល់ជ្រួតជ្រាបអំពីការងារជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់រាជរដ្ឋាភិបាល និងបានបង្ហាញការគាំទ្រយ៉ាងខ្លាំងលើកម្មវិធីគោលនយោបាយខាងលើ តាមរយៈការទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទាំងក្នុងទិដ្ឋភាពគណបក្ស និងក្នុងទិដ្ឋភាពគោលនយោបាយជាតិ។