(កណ្តាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកថវិកាចំនួន១០លានរៀល ចូលរួមបុណ្យសពលោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ ប្រធានផ្នែករដ្ឋបាល សរុប នៃពន្ធនាគារខេត្តកណ្តាល ស្ថិតនៅវត្តក្រពើហា ដែលបានមរណភាពដោយសារ ជំងឺគាំងបេះដូង។

ស្ថិតនៅក្នុងមហាទុក្ខដ៏ក្រៀមក្រំនេះផងដែរលោក ណុប ដារ៉ា ព្រមជាមួយគណៈប្រតិភូ សូមសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ លោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ ដែលជាស្វាមីដល់ល្អ និងជាឱពុកល្អម្នាក់។

លោកបានបន្តថា មរណភាពរបស់លោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៊ីង កោសល្យ គឺជាការបាត់បង់មនុស្សជាទីគោរព ស្រឡាញ់មិនត្រឹមតែក្រុមគ្រួសារប៉ុណ្ណោះទេ តែគឺជាការបាត់បង់នូវមិត្តរួមការងារ ក៏ដូចជាធនធានដ៏ល្អរបស់ ពន្ធនាគារខេត្តកណ្តាល។

លោកក៏បានបួងសួងគុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមប្រោស ប្រទានសព្ទសាធុការពរជ័យជូនវិញ្ញាណក្ខន្ធលោកវរអគ្គានុរក្សថ្នាក់លេខ២ ហ៉ីង កោសល្យ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះដែរ លោក ណុប ដារ៉ា ក៏បានឧបត្ថម្ភថវិការ៤៥០ដុល្លារ សម្រាប់ថ្លៃមឈូស និងឧបត្ថម្ភជួយដល់កូនប្រុស នៃសពសិក្សានៅសាលវិទ្យាល័យរហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផងដែរ៕