(កំពង់ឆ្នាំង)៖ យ៉ាងហោចណាស់មានយុវជន២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជន ១នាក់ទៀត បានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូ បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានឡើងនៅវេលាម៉ោ ង១៖៤០នាទី រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុងកំពង់ឆ្នាំង ចំណុចផ្លូវបំបំបែកជា៤ ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក លី ណា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបានកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង 1E-4526 ជិះឌុបគ្នា៣នាក់ បើកបរដោយឈ្មោះ រឹទ្ធ ភេទប្រុស អាយុប្រមាណ ១៧ឆ្នាំ រស់នៅភូមិព្រែពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងអ្នករួមដំណើរចំនួន ២នាក់ទៀត មិនស្គាល់ឈ្មោះ បើកបរពីទិសខាងត្បូ ងទៅជើង។

លោកវរសេនីយ៍ឯក បានឱ្យដឹងថា លុះជនរងគ្រោះទាំង៣នាក់ បើកបរមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាកសាន់យ៉ាន់ C125 ពណ៌ស បើកបរដោយឈ្មោះ សឹម ផល្លីន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ដែលបានបើកម៉ូតូរ៉ឺម៉ក ឆ្លងកាត់ផ្លូវជាតិលេខ៥ ពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើរខ្វែងទិសគ្នា ខណៈនោះក៏បានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ ១នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក៏បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យផងដែរ។

លោកវរសេនីយ៍បានបញ្ជាក់ថា បើតាមការសន្និដ្ឋានជាបឋម និងឆ្លងតាមការពិនិត្យនៅកន្លែ ងកើតហេតុអាចធ្វើការសន្និដ្ឋានបឋមបានដូចខាង ក្រោម៖

*ភាគីជិះម៉ូតូឌុបគ្នា៣នាក់ បើកបរក្នុងល្បឿនលឿនជិះដេញគ្នាដោយមិនបើកភ្លើងបំភ្លឺនៅពេលយប់ ជិះម៉ូតូបិទភ្លើង (ខ្ចីខ្ជា) ធ្វេសប្រហែសមិនប្រុងប្រយ័ត្ន។

*ដោយឡែកភាគីម៉ូតូសណ្ដោងរ៉ឺម៉កបើកបរមិនមានភ្លើងបំភ្លឺ និងចំណាំងផ្លាតគ្រប់គ្រាន់ ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន និងរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងមិនទទួលខុសត្រូវរឿងហេតុខាង លើ។

ចំណែកមធ្យោបាយទាំងអស់ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀររង់ចាំធ្វើការដោះស្រាយតាមនីតិវិធីជាបន្ត៕