(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ពិធីប្រកាសនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ក្រុងច្បារមន។

យោងសេចក្តីសម្រេចរបស់ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ ដែលអានដោយលោក សំ រិទ្ធី អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្ត បានសម្រេចចាត់តាំងលោក យក់ ប៊ុណ្ណា ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងច្បារមន ព្រមជាមួយអនុប្រធាន និងសមាជិក សមាជិកា សរុបចំនួន៩៥រូប។

មានមតិសំណេះសំណាលទៅកាន់សមាជិក សមាជិកាក្រុមការងារគណបក្ស លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរក្រុមការងារទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅ ដែលបានយកជ័យជំនះជូនគណបក្ស។

លោកបានផ្តាំផ្ញើឲ្យក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋានគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការតាមដានការងារនយោបាយ សតិអារម្មណ៍សមាជិកបក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយត្រូវដោះស្រាយបញ្ហាប្រឈមនានា ឲ្យបានទាន់ពេលវេលា និងល្អប្រសើរ។ ជាមួយគ្នានេះ ក្រុមការងារ និងគណៈកម្មាធិការគណបក្សគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឲ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកគណបក្សត្រៀមឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។

ទន្ទឹមនឹងពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះជួយក្រុងច្បារមននេះ លោក ហ៊ុន ម៉ានី ក៏បានបន្តដឹកនាំប្រជុំជាមួយក្រុមការងារ និងគណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងក្តាប់សភាពការណ៍ ដើម្បីលើកទិសដៅឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុកនាពេលខាងមុខ៕