(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ស៉ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងការសោកស្ដាយជាពន់ពេក ចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

«ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ មានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាព ឯកឧត្តម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតសម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយសម្តេច មហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ព្រោះថាការបាត់បង់ ឯកឧត្តម ឃួន ផល្លារិទ្ធ គឺជាការបាត់បង់នូវប្អូនប្រុស ស្វាមី ឱពុក ឱពុកក្មេក ជីតាប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកជាមួយសម្ដេចមហារដ្ឋសភា ធិការធិបតី ក្នុងបុព្វហេតុ កសាងជាតិមាតុភូមិ ឱ្យមានការរីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ រូបកាយរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ បាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់ទុកនូវអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នឹងនៅស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តញាតិមិត្តជិតឆ្ងាយទាំងអស់។

ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។ សូម សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែក ទុក្ខដោយក្តីក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា»៕