(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ជនជាតិចិនចំនួន ០៣នាក់ និងជនជាតិម៉ាឡេស៊ីចំនួន០១នាក់ ករណីគ្រឿងញៀនទម្ងន់ប្រមាណ៦គីឡូក្រាម និងសម្អាតប្រាក់។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណី គ្រឿងញៀន នៅចំណុចទីតាំងខារាំអូខេ CITY OF STARRY SKY ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន០៣នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ រកឃើញសារធាតុញៀន ប្រភេទមេតំហ្វេតាមីន មានទម្ងន់ ១.៦៤៨ក្រាម ប្រភេទ DMA មានទម្ងន់ ២.៣៣៦,៥២ក្រាម ប្រភេទកេតាមីន មានទម្ងន់ ៧២៤,៩០ក្រាម កញ្ជាក្រៀម មានទម្ងន់ ១០៨,០៩ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៩២៥,០២ក្រាម ព្រមទាំងភស្តុតាងមួយចំនួនដែលសង្ស័យជាប់ពាក់ព័ន្ធនឹងការសម្អាតប្រាក់។

ក្រោយបញ្ចប់ប្រតិបត្តិការនេះសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនខាងលើនេះសមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើជនសង្ស័យជនជាតិចិន ចំនួន០៣នាក់ និងជនជាតិម៉ាឡេស៊ី ចំនួន០១នាក់ និងបក្ខពួក ពីបទជួញដូរ រក្សាទុក ចាត់ចែង និងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤០ មាត្រា៤២ និងមាត្រា៤៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបទសម្អាតប្រាក់ ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧១ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភារវកម្ម៕