(ភ្នំពេញ)៖ ទិសស្លោក «រក្សាចាស់បង្កើនថ្មី» របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានលោក ឯក ឃុនដឿន ប្រធានគណបក្សខណ្ឌឫស្សីកែវ បន្តរម្លឹកឡើង និងជំរុញដាស់តឿនដល់សមាជិក សមាជិកា គណបក្សឱ្យយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាឱ្យបានប្រៀបឈ្នះរបស់គណបក្ស។

ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ ដែលបានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលគណបក្សខណ្ឌដែលសម្រេចបាន និងទិសដៅត្រូវអនុវត្តបន្ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានបន្តពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសពីសំណាក់​សម្ដេចតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ជូនដល់សមាជិក​ សមាជិកា នៃគណៈកម្មាធិការគណបក្សខណ្ឌទាំងអស់​ ប្រកបដោយសេចក្តីនឹករលឹក។

នៅក្នុងកិច្ចប្រជុំ, លោក ឯក ឃុនដឿន បានដាក់ចេញនូវយុទ្ធសាស្ត្រចាំបាច់ជំរុញឱ្យមន្ត្រីបក្សគ្រប់រូប ត្រូវខិតខំកសាងពង្រឹង និងពង្រីកសមាជិកបក្សបន្ថែមទៀត តាមទិសស្លោក «រក្សាចាស់បង្កើនថ្មី» ក្នុងនោះត្រូវធានាឱ្យបានទាំងបរិមាណ និងគុណភាព ពោលគឺសមាជិកបក្ស១រូប ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក ក្នុងន័យរក្សាប្រៀបឈ្នះរបស់គណបក្ស ដើម្បីឆ្ពោះទៅបោះឆ្នោតនាពេលខាងមុខ ក្នុងការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤៕