(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ គណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ នៃក្រុងឧដុង្គម៉ែជ័យ ដើម្បីតាមដានវឌ្ឍនភាពការងារ និងស្តាប់នូវសំណូមពរ ក៏ដូចជាបញ្ហាប្រឈមដែលក្រុមការងារជួបប្រទះ នៅស្នាក់ការគណបក្ស។

ក្រោយពីស្តាប់របាយការណ៍ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មាធិការគណបក្សក្រុង និងសង្កាត់ នៃក្រុងឧដុង្គម៉ែជ័យ ដែលបានចំណាយពេលវេលាមកចូលរួមប្រជុំ និងចូលរួមផ្តល់រាយការណ៍ ផ្តល់មតិយោបល់ ចែករំលែកបទពិសោធន៍ មកកាន់អង្គប្រជុំ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា គ្រប់ពេលដែលលោកបានមកដល់ទឹកដីក្រុងឧដុង្គម៉ែជ័យ គឺតែងតែទទួលបានឱកាសរៀនសូត្របន្ត តាមរយៈការចែករំលេកបទពិសោធន៍ថ្នាក់ដឹកនាំនៅមូលដ្ឋានក្រុងឧដុង្គម៉ែជ័យផ្ទាល់តែម្តង។

សរុបមតិនៃអង្គប្រជុំនារសៀលនេះ លោកបានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការយ៉ាងសកម្មរបស់ក្រុមការងារ គណៈកម្មាធិការគណបក្ស ក្រុង សង្កាត់ ដែលបានរួមគ្នានាំមកនូវភាពជោគជ័យជូនគណបក្សនាពេលកន្លងមក។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តដល់សមាជិក សមាជិកា ក្នុងអង្គប្រជុំឲ្យបន្តរក្សាសាមគ្គីឯកភាព ទាំងទស្សនៈ និងគោលជំហរ រួមទាំងរបៀបរបបធ្វើការងារ ដើម្បីនូវភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា៕