(កណ្តាល)៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក ថៃ ថេង បានសម្រេចឃុំខ្លួនបុរសម្នាក់ឈ្មោះ សោម ពិសិដ្ឋ ហៅ ជាង រិទ្ធី ដាក់ពន្ធនាគារ ក្រោយលោក ខា ដែនណា តំណាងអយ្យការសម្រេចចោទប្រកាន់ ពាក់ព័ន្ធជនត្រូវចោទរូបនេះ បានផលិតឧបករណ៍ឆក់ត្រូវ រួចហើយយកទៅបង្ហោះលក់តាមបណ្តាញសង្គម។ នេះបើតាមលោក ខាន ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃ១៦ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យបានឲ្យដឹងទៀតថា បុគ្គលរូបនេះត្រូវបានចោទប្រកាន់បទល្មើស៖ ផលិត, លក់, ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ឆក់ (ខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល) តាមមាត្រា (១០០ចំណុចទី៤ នៃច្បាប់ស្ដីពីជលផល)។

លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារព័ត៌មាន​ Fresh News ប្រចាំខេត្តកណ្តាលថា ជនសង្ស័យដែលផលិត ឧបករណ៍ឆក់ត្រីខុសច្បាប់ លក់ចែកចាយតាមបណ្តាញសង្គម ស្ទើរតែគ្រប់ខេត្តទូទាំងប្រទេស ដែលកម្លាំងយើងសហការជាមួយអធិការដ្ឋានចតុមុខ ក្រោមកិច្ចសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ធ្វើការបង្ក្រាប និងឃាត់ខ្លួន ពីបទផលិត និងចែកចាយ លក់ឧបករណ៍ឆក់ត្រី នៅក្នុងដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ មីនា ឆ្នាំ២០២៤។

លោក ហេង សុភារិទ្ធ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ សោម ពិសិដ្ឋ ហៅជាង រិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ។

នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានធ្វើការផលិត ចែកចាយ និងលក់ឧបករណ៍ឆក់ត្រីខុសច្បាប់នេះ តាំងពីអំឡុងចុងឆ្នាំ២០២៣មកម្ល៉េះ ដោយធ្វើការបង្ហោះលក់តាមបណ្តេញសង្គម TikTok ថែមទៀតផង ហើយធ្វើការចែកចាយស្ទើរគ្រប់ខេត្តទូទាំងផ្ទៃប្រទេស ដែលគិតត្រឹមខែមីនា២០២៤នេះ គេបានផលិត និងលក់ចែកចាយអស់១៤៧គ្រឿងទៅហើយ។

«កម្លាំងយើងធ្វើការតាមដានរូបគេយូរខែមកហើយ ទើបតែកាលពីព្រឹកថ្ងៃទី១៤ ខែមីនា តាមឃាត់រូបគេនៅទីតាំងផ្ញើអីវ៉ាន់មួយ និងបាននាំរូបគេយកទៅបង្ហាញទីតាំងផលិតនៅក្នុងលំនៅដ្ឋានរបស់គេ ឯភូមិ-ឃុំ កើតហេតុខាងលើ ដែលក្នុងប្រតិបត្តិការនេះ យើងបានដកហូតម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ព្រមទាំងឧបករណ៍ឆក់ត្រី រួមជាមួយគ្រឿងដង្គុំសម្រាប់ផលិតជាច្រើនទៀត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធី»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហេង សុភារិទ្ធ។

លោក ហេង សុភារិទ្ធ បានសង្កត់ធ្ងន់ថា បទល្មើសឆក់ត្រី គឺជាបទល្មើសស្ថិតនៅថ្នាក់លេខ១ ដែលវាធ្វើឱ្យវិនាសហិនហោច និងប៉ះពាល់ដល់ធនធានមច្ឆាជិតខ្លាំងណាស់ ព្រោះមិនថាត្រីតូច-ត្រីធំនោះទេ គឺងាប់ទាំងអស់ ហើយបើនៅរស់ក៏ខូចសរីរាង្គ មិនធំធាត់ និងបន្តពូជបានទៀតដែរ។

លោកសូមអំពាវនាវប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជានេសាទ សូមបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចាប់ត្រី ជាពិសេសឧបរណ៍ឆក់ក្តៅ ឆក់ត្រជាក់នេះតែម្តង និងសូមរួសរាន់ប្រមូល នាំយកទៅប្រគល់ឱ្យអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាមន្ត្រីជលផល ដើម្បីបញ្ចៀសនូវទោសទណ្ឌ ដោយទុកពេលផ្យមួយសប្ដាហ៍រាប់ចាប់ពីថ្ងៃនេះទៅ ហើយរួមគ្នាងាកមកថែរក្សា អភិរក្សមេពូជត្រី និងព្រៃលិចទឹកជាជម្រកត្រីពងកូន ដើម្បីបង្កើននូវភោគផលជលផលធម្មជាតិរបស់យើងឡើងវិញប្រកបដោយចិរភាព។

លោកបានបន្តថា សម្រាប់ជនដែលលួចទិញឧបករណ៍ឆក់ត្រីទាំងនេះ ត្រូវបានសមត្ថកិច្ចជំនាញ មានទាំងឈ្មោះ និងលេខទូរសព្ទ័ អាសយដ្ឋានអស់ហើយតាមរយៈវិក័យបត្រ ដូច្នេះសូមប្រគល់ឧបករណ៍ទាំងនោះឱ្យ សមត្ថកិច្ចតាមមូលដ្ឋានរបស់ខ្លួន មុនពេលគេអនុវត្តន៍ច្បាប់។

នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានបន្ថែមផងដែរថា ចំពោះឆ្នាំ២០២៣កន្លងទៅ ខេត្តកណ្តាល បានបង្ក្រាបបទល្មើសនេសាទបានចំនួន ១៨៨ករណី ដុតបំផ្លាញលូស្បែមុងចំនួន២៤២៤មាត់ របាំងស្បៃមុងនិងសាច់អួន១៦៦៤៧៨ម៉ែត្រ និងឧបករណ៍ឆក់៦៧គូ អាគុយចំនួន៧៤ និងអាំងវ៉ិចទ័រចំនួន ៧០គ្រឿងផងដែរ៕