(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បានថ្លែងបង្ហាញពីគោលបំណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់យកឆ្នាំ២០២៤ ជាឆ្នាំជំរុញវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ ក្នុងខេត្តសៀមរាប។
សម្តេចបានបញ្ជាក់ថា នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីជួយឱ្យទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើន។
ការថ្លែងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប និងជួយជំរុញឱ្យទេសចរណ៍ដ៏មានសក្តានុពលពីប្រទេសទាំងពីរ ចូលមកទស្សនានៅកម្ពុជាកាន់តែច្រើន»។
សម្តេចធិបតីបានថ្លែងទៀតថា ការដាក់ឱ្យប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកាលានុវត្តភាពថ្មី ដែលកំពុងក្លាយទៅជាសក្តានុពលស្រូបទាញដ៏ខ្លាំង សំរាប់វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។
សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅតែបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូល ជូនប្រជាជនដោយផ្ទាល់ និង ដោយប្រយោល, ការជំរុញការនាំចេញនៅនឹងកន្លែង, ការទ្រទ្រង់កំណើនសេដ្ឋកិច្ច, ការបង្កើនចំណូលជាតិ, ការចូលរួមដល់ការអភិរក្ស វប្បធម៌ និង ការថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែមានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នឹងនៅតែជាវិស័យចន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ, មុខរបរ, ប្រាក់ចំណូល និងរួមចំណែកការសម្រេចបានគោលដៅ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១, ជាពិសេសរួមចំណែកដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន ដើម្បីជំរុញការអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយ ទៅជាក្រុងមួយដ៏ស្រស់ស្អាតរបស់ខេត្តសៀមរាប ក្នុងការផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។
សម្តេចបញ្ជាក់ថា ការរៀបចំផ្លាស់ទីប្រជាពលរដ្ឋ ចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាកិច្ចការដ៏ចាំបាច់បំផុត ក្នុងការ បំពេញតាមលក្ខខណ្ឌអង្គការយូណេស្កូ, ជាពិសេសការពារតម្លៃជាសកលនៃរមណីយដ្ឋានអង្គរឱ្យ បន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
សូមជម្រាបថា បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ចាប់ពីខែមករា-ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥៣៧,៣៥០នាក់ កើនឡើង ៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៣០១,៥០០នាក់ និង ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៣៥,៨៥០នាក់។
ចំពោះទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ រួមមាន៖ កូរ៉េខាងត្បូង ២៩,២៥៤នាក់, អាមេរិក ២៤,៨៧៨នាក់, បារាំង ២១,៧៧៥នាក់, អង់គ្លេស ១៩,៤៥២នាក់, ចិន ១៦,០៧៤នាក់, អាល្លឺម៉ង់ ១៤,២១៤នាក់, ជប៉ុន ១២,០៩៤នាក់, ឥណ្ឌា ៨,៦៨៣នាក់, រុស្ស៉ី ៨,៦៥៨នាក់ និងអូស្ត្រាលី ៨,៥៤៤នាក់៕