(សៀមរាប)៖ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈចំនួន៩ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍។

សម្តេចបានថ្លែងថា វិស័យទេសចរនៅនៅតែជាវិស័យជន្ទល់សេដ្ឋកិច្ចមួយដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ មុខរបរប្រាក់ចំណូល និងរួមចំណែកសម្រេចបាននៃគោលដៅយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនេះ សម្តេចបានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យទេសចរណ៍ ដូចខាងក្រោម ៖

ទី១. ដោយការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៃគ្រប់ការអភិវឌ្ឍ, សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសន្តិភាព ដែលយើងរកបានយ៉ាងលំបាក និង មិនត្រូវឱ្យប្រទេសណាមួយ ឬ ក្រុមណាមួយមកបំផ្លាញសន្តិភាពរបស់យើងឡើយ ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីបង្កើនភាពទាក់ទាញរបស់កម្ពុជា និង បន្តជំរុញការអភិវឌ្ឍវិស័យទេសចរណ៍របស់យើងឱ្យកាន់តែប្រសើរ ។
ទី២. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់, ពិសេស ជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានហ្មត់ចត់ និង ជាប់ជាប្រចាំ ។ ក្នុងន័យនេះ, ខ្ញុំសូមលើកទកចិត្តឱ្យមានការពង្រឹងសុវត្ថិភាពនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់ និង មិនត្រូវឱ្យតំបន់គោលដៅទេសចរណ៍ទាំងនោះ រួមទាំងតំបន់តាមដងទន្លេ ក្លាយជាតំបន់ជ្រកកោននៃអ្នកប្រើប្រាស់គ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗឡើយ ។

ទី៣. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ត្រូវបន្តសហការឱ្យបាន ជិតស្និទ្ធ ស្របតាមអភិក្រម «ចីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីចូលរួមអនុវត្តវិធានការ និង គោលនយោបាយនានា សំដៅសម្រេចបាននូវគោលដៅនៃយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» ។

ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ, ពិសេសបណ្តាខេត្តជុំវិញទន្លេមេគង្គ និង បឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និង ការដឹកជញ្ជូន។ ក្នុងន័យនេះ, ខ្ញុំសូមគូសរំលេច ផងដែរថា រាជរដ្ឋាភិបាលបាន និង កំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ- សៀមរាប-ប៉ោយប៉ែត បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រូវបានដាក់ឱ្យដំណើរការ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ។

ទី៥. ត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នេះ ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើឱ្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងទេសចរណ៍, ក្រសួងពាណិជ្ជកម្ម, និង រដ្ឋបាលខេត្តសៀមរាប សិក្សារៀបចំឱ្យមានតំបន់ខ្សែក្រវាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និង ផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ជាពិសេស បង្កើតជាផលិតផលកសិទេសចរណ៍ ដើម្បីបង្កើនសក្ដានុពលទេសចរណ៍កម្ពុជា។

ទី៦. ស្នើក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, និង រដ្ឋបាលខេត្តសៀមរាប សហការគ្នាសិក្សា និង គិតគូររៀបចំតំបន់ឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា ។

ទី៧. ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំយុទ្ធសាស្ត្រជំរុញឱ្យ មានការជួបជុំ ដូចជា កិច្ចប្រជុំ, វិបស្សនា, កម្មវិធីកីឡា និង កម្មវិធីនានានៅខេត្តសៀមរាប ដើម្បីគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាបឆ្នាំ២០២៤ ឱ្យសម្រេចបានជោគជ័យ។

ទី៨. ខ្ញុំស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងទេសចរណ៍, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សហការដោះស្រាយបញ្ហាទាំងឡាយ ដែលពាក់ព័ន្ធនឹងការធ្វើដំណើររបស់ភ្ញៀវទេសចរ ដើម្បីធ្វើឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិមានភាពងាយស្រួល និងកក់ក្តៅ ។

ទី៩. ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ, បងប្អូនជនរួមជាតិទាំងអស់ និងវិស័យឯកជន ចូលរួមឱ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីឱ្យពិធីបុណ្យទន្លេនៅឆ្នាំនេះទទួលបានជោគជ័យ, ជាពិសេសត្រូវរួមគ្នា ដើម្បីវិស័យទេសចរណ៍ ស្របតាមប្រធានបទ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ», «ទាំងអស់គ្នាដើម្បីទេសចរណ៍», និង «ទេសចរណ៍ដើម្បីទាំងអស់គ្នា» ផងដែរ ។ បន្ថែម លើនេះ, ខ្ញុំសូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ជាតិ-អន្តរជាតិ, អាជ្ញាធរមូលដ្ឋាន, និង បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមឱ្យកាន់តែសកម្ម ក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និង សហការថែរក្សាសោភ័ណភាព អនាម័យបរិស្ថាន, ដែលជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការថែរក្សាតំបន់ប្រាសាទឱ្យស្រស់ស្អាតយូរអង្វែង ដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយ ។

សូមជម្រាបថា កាលពី២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥.៤៥លាននាក់ ហើយសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ នឹងកើនឡើងវិញដូចឆ្នាំ២០២៩ នៅឆ្នាំ២០២៥៕