(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យរៀបចំភ្លេងឆៃយាំ ស្វាគមន៍អ្នកទេសចរ នៅតាមព្រលានយន្តហោះ ដែលជាការស្វាគមន៍ មុនចូលមកលេងកម្សាន្តនៅកម្ពុជា។

ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី បើកពិធីបុណ្យទន្លេលើក​ទី៨ នៅក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានឲ្យគោលគំនិតទៅឯកឧត្ដម សុខ សូកេន ពេលបុណ្យចូលឆ្នាំថ្មី ខាងមុខនេះ ត្រូវរៀបចំភ្លេងឆៃយាំ ស្វាគមន៍ភ្ញៀវនៅព្រលានយន្ដហោះ ដែលជាកាដូជូនគាត់ ជាអនុស្សាវរីយ៍មុនគេ ពេលគាត់មកដល់ទឹកដីកម្ពុជា មិនមែនតែខេត្ដសៀមរាប គឺគ្រប់ខេត្ដទាំងអស់ ទាំងនៅរាជធានីភ្នំពេញ»

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យមានការរៀបចំភ្លេងឆៃយាំ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ នៅគ្រប់ខេត្ដ-រាជធានី ទាំងអស់តែម្ដង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្វាគមន៍ភ្ញៀវ នៅព្រលានយន្ដហោះ គឺជាកិច្ចការសំខាន់ ដែលអាចឲ្យមនុស្សប្ដូរចិត្ដ ពីការមកលេង១ថ្ងៃ ទៅជា៥ថ្ងៃ ឬមួយពី៥ថ្ងៃ មក១ថ្ងៃវិញ ដែលនេះ ជាកិច្ចការសំខាន់។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្ដេច​បានបង្កើតគណៈកម្មាធិការថ្មីមួយ ដែលដឹកនាំ ដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដើម្បីដឹកនាំរួម ទាំងការងារសន្ដិសុខ និងបដិសណ្ឋាកិច្ច នៅតាមព្រលានយន្ដហោះទាំងអស់ ដើម្បីធ្វើយ៉ាងណា ឲ្យកាន់តែល្អប្រសើរ៕