(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺមិនចោលប្រជាពលរដ្ឋរូបណាម្នាក់នោះឡើយ។

សម្តេចធិបតី ថ្លែងបែបនេះ ក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤។

ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត មួយឃ្លាថា «Leave No One and No Place Behind» ត្រូវបានចាប់អារម្មណ៍ ដោយលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយចង់យកឃ្លានេះ ធ្វើជាពាក្យស្លោករបស់អង្គការសហប្រជាជាតិ។

ប្រសាសន៍នេះ ត្រូវបានថ្លែងអំឡុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៉ី នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំកោតសរសើរបទចម្រៀង មានស្តង់តាំងជាច្រើន ជាពិសេសបទ “Leave no place behind” ប៉ុន្តែពាក្យពេញគឺ “Leave no one and no place behind” ដែលពាក្យនេះ ខ្ញុំនិយាយនៅអង្គការសហប្រជាជាតិ គឺយើងមិនចោលទីកន្លែងណា ហើយមិនចោលកន្លែងណា អីចឹងសង្ឃឹមថា នឹងមានបទ “Leave no one behind “ ព្រោះគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺមិនចោលប្រជាពលរដ្ឋរូបណាម្នាក់នោះឡើយ»

សម្តេច ក៏បានថ្លែងថា ក្នុងកិច្ចការអភិវឌ្ឍសហគមន៍ទាំងអស់ គឺមិនត្រូវបោះបង់ចោលនរណាម្នាក់ ឬក៏ទីកន្លែងណាមួយ៕