(សៀមរាប)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរខេត្តជាប់ព្រំដែន ត្រូវត្រៀមរៀបចំស្វាគមន៍ពលករខ្មែរដែលត្រឡប់មកពីថៃ ដើម្បីមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព បើកពិធីបុណ្យទន្លេលើក ទី៨ នៅក្នុងខេត្តសៀមរាប នៅព្រលប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុ ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ហើយម្សិលមិញ ខ្ញុំបានឱ្យគោលការណ៍ទៅឯកឧត្តម ហេង សួរ ធ្វើការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបណ្តាខេត្តជាប់ព្រំដែន ពេលចូលឆ្នាំបងប្អូនពលករយើងហ្នឹងត្រឡប់មកវិញ ពីប្រទេសថៃ ស្វាគមន៍តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន ដើម្បីមានភាពកក់ក្តៅ»។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សម្តេចបានចរចាជាមួយនាយករដ្ឋមន្ត្រីរបស់ថៃ កាលកំឡុងសម្តេចអញ្ជើញទៅបំពេញបេសកកម្មនៅប្រទេសថៃ ដោយភាគីថៃ បានឯកភាពមិនឱ្យពលករខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ គឺមិនតម្រូវឱ្យបង់ប្រាក់នោះទេ។
ក្រៅពីការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំរៀបចំភ្លេងឆៃយាំស្វាគមន៍អ្នកទេសចរនៅតាមព្រលានយន្តហោះ ស្វាគមន៍អ្នកទេសចរចូលមកលេងកម្សាន្តនៅកម្ពុជា។
គួរឱ្យដឹងថានៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ សហការជាមួយបណ្តាខេត្តជាប់ព្រំដែន ដើម្បីស្វាគមន៍ប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកស្រុកកំណើតក៏ដូចជាភ្ញៀវទេសចរបរទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។
តាមរយៈសេក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ពិធីបដិសណ្ឋារកិច្ចក៏ត្រូវធ្វើតាមព្រលានយន្តហោះផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីផងដែរ។
គួរឱ្យដឹងថា យោងតាមប្រតិទិនឈប់សម្រាកចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៣ រហូតដល់១៦ ខែមេសា ឆ្នាំ២០២៤ ដែលមាន៤ថ្ងៃ ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារ៍៕