(ភ្នំពេញ)៖ លោក ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនប្រុសបង្កើតសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃសៅរ៍៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមសេចក្តីជូនដំណឹងផ្លូវការរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សព លោក ឃួន ផល្លារិទ្ធ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ពេលព្រឹកចាប់ពីម៉ោង៨:០០ ដល់ ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០នាទី ដល់១៦:០០នាទី។

រដ្ឋសភា បានបញ្ជាក់ទៀតថា សពនឹងត្រូវដង្ហែយកទៅបូជា នៅម៉ោង០៧:១២ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវត្ត វិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕