(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីផ្សព្វផ្សាយដំណើរឆ្ពោះទៅការប្រារព្ធខួប១៦១ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ នៅសាកលកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ» ដែលនេះជាកម្មវិធីទី៣ហើយ នៃកម្មវិធីផ្សព្វផ្សាយនៅតាមសាកលវិទ្យាល័យ។

កម្មវិធីផ្សព្វផ្សាយនៅរសៀលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោក ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយការចូលរួមពី លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត ប្រមាណ២៥០នាក់ ព្រមទាំងមានការធ្វើបទបង្ហាញដោយវាគ្មិនជំនាញមកពីកាកបាទក្រហមកម្ពុជា ចំនួន៣រូប លោកស្រី មុំ ចន្ទី នាយិការងនាយកដ្ឋានសុខភាព លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ប្រធានការិយាល័យជំងឺឆ្លង និងមិនឆ្លង និងលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយករងនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ។

លោកស្រី មុំ ចន្ទី បានធ្វើបទបង្ហាញជូនដល់និស្សិត អំពីគៅលបំណងសំខាន់នៃការប្រារព្ធទិវា៨ឧសភា គឺដើម្បីផ្សព្វផ្សាយអំពីអ្វី ដែលកាកបាទក្រហមកម្ពុជាបាននឹងកំពុងធ្វើជួយ ប្រជាជនងាយរងគ្រោះបំផុត ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពកាកបាទក្រហមកម្ពុជា ដែលសម្រេចបានមួយឆ្នាំកន្លងមក ដោយប្រើថវិកាពីសប្បុរសជន និងបន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀងគរមូលនិធិ សម្រាប់ប្រតិបត្តិការមនុស្សធម៌ និងក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានា។

លោកបណ្ឌិត វ៉ា សុភ័ក្ត្រ បានធ្វើបទបង្ហាញអំពីការងារ ដែលកាកបាទក្រហមកម្ពុជាបាននឹងកំពុងធ្វើផ្សព្វផ្សាយ ចំនុចគន្លឹះសំខាន់ៗដើម្បីបង្កើនការយល់ដឹងដល់សហគមន៍ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ គឺដោយត្រូវយល់ដឹងពី ជំងឺឆ្លងនានា និងពីជំងឺមិនឆ្លង ជាមូលហេតុនៃការស្លាប់ស្ទើរតែពាក់កណ្លាលក្នុងចំនោមការស្លាប់ទាំងអស់នៅកម្ពុជា។

លោកបណ្ឌិត អ៊ុយ សំអុន នាយករងនាយកដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមម្ពុជា បានធ្វើបទបង្ហាញ ស្តីអំពីភាពធនទៅនឹងអាកាសធាតុ និងសកម្មភាពនានារួមចំណែកកាត់បន្ថយ និងបន្សុំាទៅនឹងកាប្រែប្រួលអាកាសធាតុ ដោយត្រូវសន្សំសំចៃទឹក ជម្រុញការប្រើប្រាស់ថាមពលកកើតឡើងវិញ សកម្មក្នុងការដាំដើមឈើ ដាំផ្កាលើកម្ពស់បរិស្ថានបៃតង ថែរក្សា ខ្យល់បរិសុទ្ធ  កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីក ប្រើថាមពលអគ្គិសនី ដោយសន្សំ សំចៃ ប្រើប្រាស់មធ្យោបាយ ធ្វើដំណើររួមដូចជារថយន្តក្រុងជាដើម ដើម្បីជួយកាត់បន្ថយឧស្ម័នCO2ទៅក្នុងបរិយាកាស ត្រូវផ្លាស់ប្តូរឥរិយាបថរស់នៅមានសុខភាពល្អ មានអនាម័យ។ល។

បទបង្ហាញនេះត្រូវបានចូលរួម យ៉ាងផុសផុលពីសំណាក់និស្សិត ក្នុងឆ្លើយសំណួរលើកកម្ពស់ការយល់ដឹង។

លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងនូវអំណរគុណដល់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុ ន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានរៀបចំកម្មវិធីផ្សព្វផ្សាយនេះនឹង ក្លឹបកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានសមាជិកប្រមាណ១៥០នាក់ នឹងខិតខំចូលរួមផ្សព្វផ្សាយបន្ត ក៏ដូចជាបង្កើតនូវកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្តទៀត ដល់និស្សិតក្នុងចំណោមនិស្សិត របស់សាកលវិទ្យាល័យប្រមាណជាង៣ម៉ឺននាក់ ដើម្បីរួមចំណែកសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា។

នៅក្នុងឳកាសនោះ លោកស្រីអគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍កោតសរសើរដល់ប្អូនៗ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមស្តាប់ បទបង្ហាញដោយយកចិត្តទុកដាក់។ លោកស្រីបានលើកឡើងថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងជាការប្តេជ្ញាចិត្តថា «ការលើកកម្ពស់សុខភាពប្រជាជន គឺជា អាទិភាពរបស់រាជរដ្ឋាភិបាល»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏តែតែគិតគូអំពីសុខទុក របស់ប្រជាជនកម្ពុជា ដោយសម្តេចតែងតែអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើង ប្រកាន់ខ្ជាប់ នូវទម្លាប់រស់នៅប្រកបដោយសុខភាពល្អ បញ្ចៀសនូវជំងឺនានា។

ដោយាសារមូលបទឆ្នាំនេះមានលក្ខណៈពិសេសពាក់ព័ន្ធនឹង ទាំងអស់គ្នា គឺដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ លោកស្រីបានអំពាវនាវសូមឱ្យប្អូនៗនិស្សិតចូលរួមជាមួយកាកបាទក្រហមកម្ពុជា យកនូវចំណេះដឹងពីការផ្សព្វផ្សាយថ្ងៃនេះទៅផ្សព្វផ្សាយបន្ត នៅតាមសហគមន៍ដែលខ្លួនរស់នៅ ដើម្បីដើម្បីជាគុណប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសហគមន៍។

ទន្ទឹមនឹងនោះលោកស្រី ក៏បានថ្លែងនូវការអំពាវនាវប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមបន្តចូលរួម បរិច្ចាកថវិកា សម្ភារៈជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមានធនធានគ្រប់គ្រាន់ ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត ប្រកបដោយបរិយាបន្ន៕