(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មភាពហែកស្លាកគណបក្សប្រជាជនកម្ពុជា នៅចំណុចផ្លូវ៣៧១ កែង ផ្លូវ៩០BT ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

ការឃាត់ខ្លួននេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។

បន្ទាប់ពីទទួលបណ្ដឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនការងារសន្តិសុខ បានដឹកនាំកម្លាំការិយាល័យសន្តិសុខផ្ទៃក្នុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុន គឹមមករា ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវ៦៩BT សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលបានធ្វើសកម្មភាពហែកផ្លាកគណបក្សប្រជាជន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕