(ឧត្តរមានជ័យ)៖ គិតចាប់តាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ មានព្រះសង្ឃ និងប្រជាពលរដ្ឋចំនួន៤៧៥ អង្គ-នាក់ ក្នុងនោះស្ត្រីចំនួន២៥០នាក់ មកពីតាមបណ្តាក្រុង ស្រុកនានា ក្នុងខេត្តឧត្តរមានជ័យ បានមកទទួលការពិនិត្យ និងពិគ្រោះជំងឺភ្នែកដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា «ក្នុងការពិនិត្យ ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសនោះ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ជំងឺភ្នែកចំនួន ១៨៦ករណី ក្នុងនោះស្រី ១០២នាក់ បាយភ្នែក១៥២ករណី ស្រី៧៦នាក់ កន្ទុយថ្លែនភ្នែក ៣៣ករណីស្រី២៦នាក់ផងដែរ»

ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា សម្រាប់អ្នកជំងឺដែលបានបកភ្នែករួច ត្រូវពិនិត្យឡើងវិញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយបានធ្វើការណែនាំក្រោយវះកាត់ជំងឺបាយភ្នែកត្រូវ៖ ចៀសវាងញីភ្នែក, ការពារការប៉ះទង្កិចដល់ភ្នែក, លាងដៃឱ្យស្អាតជាមួយសាប៊ូមុនពេលប៉ះពាល់ភ្នែក, បន្តក់ថ្នាំភ្នែកតាមពេទ្យប្រាប់ (វេជ្ជបញ្ជា), សូមពាក់វ៉ែនតាខ្មៅដើម្បីការពារធូលី និងកំដៅថ្ងៃ, មិនត្រូវឱ្យទឹកចូលភ្នែកក្រោយវះកាត់ភ្នែកចំនួន៤អាទិត្យ, ប្រើកន្សែងសើមដើម្បីជូតមុខ, ហាមក្អក រឺ កន្តាសខ្លាំងៗ។

បើតាមលោកវេជ្ជបណ្តិត ឃ្លោក ហួត បានថ្លែងថា តាមការកត់សម្គាល់របស់លោក អ្នកមានអ្នកជំងឺបាយភ្នែកច្រើន ភាគច្រើនជាមនុស្សចាស់ ដោយសារមូលហេតុមកវ័យចាស់ជរាផង និងមានជំងឺរ៉ាំរ៉ៃផង។

សូមបញ្ជាក់ថា ការពិនិត្យ ព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺមានការសហការពីក្រុមគ្រូពេទ្យរបស់កម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យឯកទេសភ្នែកនៃក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕