(ភ្នំពេញ)៖ គណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់នៃ World Buddhist Summit បាននិមន្តធ្វើទស្សនកិច្ចនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា (PSBU) និងបានស្វែងយល់បន្ថែម ពីដំណើរការពង្រឹងនូវវិស័យអប់រំ នៃថ្នាក់ឧត្តមសិក្សា របស់ប្រទេសកម្ពុជា ។

ក្នុងដំណើរនិមន្តទស្សនកិច្ច និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានធ្វើឡើងនាថ្ងៃទី១៦ ខែមីនា។ គណៈព្រះសង្ឃជាន់ខ្ពស់ World Buddhist Summit បានវាយតម្លៃខ្ពស់ចំពោះ PSBU ដែលបានយកចិត្តទុកដាក់ លើវិស័យអប់រំ តាមរយៈការធ្វើសកម្មភាពជាច្រើន ជាពិសេសការផ្ដល់នូវអាហារូបករណ៍ទៅដល់សិស្សនិស្សិតក្រីក្រ និងសមណនិស្សិត ឲ្យបានចូលសិក្សាដោយឥតគិតថ្លៃ រយៈពេល៤ឆ្នាំ ហើយក្នុងចំណោមសមណនិស្សិត និងសិស្សនិស្សិតទាំងអស់ ក៏មានជនជាតិដើមភាគតិច និងអ្នកកាន់សាសនាមូស្លីមផងសដែរ ។

ក្នុងឱកាសនោះសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលទៅកាន់គណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់ អំពីយុទ្ធសាស្ត្របញ្ចកោណអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលក្នុងនោះ ក៏មានការបណ្ដុះនូវធនធានមនុស្ស ឲ្យបានកាន់តែច្រើន ដើម្បីចូលរួមអភិវឌ្ឍន៍ និងធ្វើឲ្យសម្រេចជោគជ័យនូវគោលដៅ ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

សម្ដេចមានព្រះបន្ទួលបន្តថា ក្រោមការជួយជ្រោមជ្រែង តាមរយៈរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន ដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជួយកសាងនូវអគារសិក្សាកម្ពស់៩ជាន់ ដែលធ្វើឲ្យ PSBU មានលទ្ធភាពអាចបង្កើនការផ្ដល់អាហារូបករណ៍ដល់សមណនិស្សិត និងសិស្សនិស្សិត បានសិក្សាកាន់តែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះបន្ទួលបន្ថែមថា ក្រៅពីមានសមត្ថភាព អាចបង្កើនការផ្ដល់អាហារូបករណ៍ និងបន្ទប់សិក្សានោះ នៅឆ្នាំនេះ PSBU បានបើកនូវការបង្រៀនថ្នាក់បណ្ឌិត ខណៈពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា គឺជាសាកលវិទ្យាល័យផ្នែកព្រះពុទ្ធសាសនា នៅកម្ពុជាដំបូងគេ ដែលបើកបង្រៀនថ្នាក់បណ្ឌិតនេះ។

ជាមួយនេះ សម្ដេចព្រះមហាសង្ឃរាជ ក៏បានថ្លែងអំណរគុណ ដែលគណៈប្រតិភូព្រះសង្ឃជាន់ខ្ពស់នៃ World Buddhist Summit ចំពោះកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ក្នុងវិស័យព្រះពុទ្ធសាសនា និងការអប់រំជាដើម៕