(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងថា ការចងក្រងបង្កើតសហគមន៍កសិកម្ម គឺជាមុខព្រួញស្នូលដ៏សំខាន់ក្នុងការលើកកម្ពស់អំណាច ការចរចាទីផ្សាររបស់ ប្រជាកសិករ ការទទួលបានព័ត៌មានទីផ្សារ ពង្រីកឱកាសទីផ្សារកសិផលរបស់កសិករ ដើម្បីលើកកម្ពស់គុណភាពកសិផល ឬផលិតផលរបស់កសិករ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់កសិករជាសមាជិកសហគមន៍ផងដែរ។

ការថ្លែងបែបនេះរបស់ប្រធានមន្ទីរកិសកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានធ្វើឡើងក្នុងឱកាសដែលលោកចូលរួមក្នុងពិធីអបអរសាទរមហាសន្និបាតកំណើតដំបូង បណ្តាញសហគមន៍កសិកម្ម ស្វាយចន្ទីព្រះវិហារសាមគ្គី ដោយមានការចូលរួមពីតំណាងអង្គការទស្សនពិភពលោកអន្តរជាតិ-កម្ពុជា និងសមាជិកបណ្តាញសហគមន៍ចំនួន១៤ សហគមន៍មកពី៧ស្រុក ក្រុង នានាក្នុងខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញ។

លោកស្រី គឹម ម៉ារី តំណាងបណ្តាញសហគមន៍កសិកម្ម ស្វាយចន្ទីព្រះវិហារសាមគ្គីទាំង១៤ ដែលមកពី៧ស្រុក ក្រុង បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារ មានកសិករជាច្រើនកំពុងដាំដុះដំណាំស្វាយចន្ទីរ ដែលមានផ្ទៃដីរាប់ម៉ឺនហិកតា និងប្រមូលផលគ្រាប់ស្វាយចន្ទីរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ក្នុងនោះប្រជាកសិករ ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន ហើយដើម្បីជម្នះនូវបញ្ហាប្រឈម និងរិះរកដំណោះស្រាយទើបសហគមន៍កសិកម្មទាំង១៤ បានបង្កើតបណ្តាញសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គីនេះឡើងមក ក្នុងគោលបំណងសំខាន់ គឺដើម្បីប្រមូលផ្តុំនូវផលិតផលស្វាយចន្ទី រកទីផ្សាររួមគ្នា ក្រោមរូបភាពលក់ផលិតផលរួមគ្នាជា សម្លេងតែមួយដោយអនុវត្តការចុះកិច្ចសន្យាកសិកម្ម រវាងបណ្តាញសហគមន៍កសិកម្ម ជាមួយវិស័យឯកជនដើម្បីរក្សាស្ថិរភាពនៃតម្លៃទីផ្សារស្វាយចន្ទី។

លោកស្រីបានបន្តថា៖ «ការបង្កើតសហគមន៍កសិកម្មស្វាយចន្ទីព្រះវិហារសាមគ្គី ធ្វើឱ្យយើងអាចធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា រវាងកសិករ និងកសិករ រវាងសហគមន៍កសិកម្ម និងសហគមន៍កសិកម្ម អំពីបច្ចេកទេសដាំដុះ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក អំពីគុណសម្បត្តិ និងគុណវិបត្តិ។ បង្កើនទំនាក់ទំនងឱ្យបានទូលំទូលាយរវាងសហគមន៍កសិកម្ម និងស្ថាប័នជំនាញ ស្ថាប័នពាក់ព័ន្ធនានា អង្គការដៃគូ និងគម្រោងអភិវឌ្ឍន៍កសិកម្មនានា ដើម្បីប្រមូលការគាំទ្រជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចកសិករ និងស្វែងរកប្រាក់កម្ចីឥណទាន ដែលមានការប្រាក់ទាបបំផុត ឬហិរញ្ញប្បទានឥតសំណង ដើម្បីគាំទ្រដល់វិស័យស្វាយចន្ទី ក្នុងខេត្តព្រះវិហារ ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី២០២២-២០២៧»

ជាមួយគ្នានេះដែរ ប្រធានមន្ទីរក៏បានជំរុញលើកទឹកចិត្តដល់សហគមន៍កសិកម្មទាំង១៤ ត្រូវខិត្តខំប្រឹងប្រែងលើការពង្រឹង និងអភិវឌ្ឍន៍សក្តានុពលលើផលិតកម្មកែច្នៃស្វាយចន្ទីរបស់ខ្លួនបន្ថែមទៀត ព្រោះថាផលិតផលគ្រាប់ស្វាយចន្ទី គឺជាផលិតផលកសិកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកំពុងជំរុញឱ្យមានការផលិតជា ផលិតផលសម្រេច ដើម្បីនាំចេញទៅលក់លើទីផ្សារក្នុងស្រុក និងក្រៅស្រុក។

បន្ថែមពីនេះក្រៅពីការកែច្នៃសហគមន៍ត្រូវស្វះស្វែងជាមួយក្រុមហ៊ុនឯកជន លើសកម្មភាពការអនុវត្ត ផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីអាចរក្សាបាននូវខ្សែសង្វាក់តម្លៃនៅក្នុងទីផ្សារ ពោលគឺកសិករអាចទទួលបានទីផ្សារជាប់លាប់ ទាំងកត្តាតម្លៃ និងការផលិត។យ៉ាងណាមុិញការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជាការធ្វើពាណិជ្ចកម្មស្មោះត្រង់មួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាព លើផលិតផលរបស់កសិករ ស្របទៅ តាមទីផ្សារជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ពិធីសន្និបាតនាឱកាសនោះ ក៏មានការបោះឆ្នោតដើម្បីជ្រើសរើសប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល និងគណៈកម្មា ធិការត្រួតពិនិត្យ របស់បណ្តាយសហគមន៍កសិកម្ម ស្វាយចន្ទីព្រះវិហារសាមគ្គីផងដែរ៕