(ភ្នំពេញ)៖ លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំដំបូងលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង នៅព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកសមាជិកាអង្គភាពគ្រប់គ្រងគម្រោង ក្នុងគោលបំណងដើម្បីប្រកាសសុពលភាពសមាសភាពអង្គភាពគ្រប់គ្រងគម្រោងនេះ។

ថ្លែងទៅកាន់អង្គប្រជុំលោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារសំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលផ្តោតជាសំខាន់លើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្រុង នៅកម្ពុជា ក្នុងនោះរួមមានការសាងសង់ប្រព័ន្ធការពារទឹកជំនន់ បណ្តាញលូ និងអាងចម្រោះទឹកកខ្វក់ ដោយនឹងត្រូវអនុវត្តក្នុងខេត្តចំនួនបួន រួមមាន៖ កំពង់ឆ្នាំង កំពង់ចាម តាកែវ និងព្រៃវែង។

បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ បាន​ស្នើឱ្យប្រធានគ្រប់គ្រងគម្រោងរួសរាន់រៀបចំសេចក្តីព្រាងផែនការសកម្មភាពស្របទៅតាមការណែនាំនៃលិខិតបទដ្ឋានគតិយុត្តជាធរមាន និងស្នើឱ្យសមាជិក សមាជិកា នៃអង្គភាពគ្រប់​គ្រងគម្រោងទាំងអស់ ត្រូវខិតខំអនុវត្តគម្រោងនេះឱ្យមានប្រសិទ្ធភាព​ និងប្រកបដោយគុណភាព ស្របតាមសេចក្តីទុកចិត្ត និងគោលបំណងរបស់ថ្នាក់ដឹកនាំ៕