(ភ្នំពេញ)៖ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធ និងច្រានចោលទាំងស្រុងចំពោះការផ្សាយថា ការឃាត់ខ្លួន អនុប្រធានបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ពាក់ព័ន្ធនឹងនយោបាយ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបអំពីករណីឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គាវិសាល) ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នជាអនុប្រធានបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម ដូចតទៅ៖

នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្តឹងពីឈ្មោះ ម៉ៃ ហុងសៀង ប្តឹងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kea Visal មានឈ្មោះ មី សេងហ៊ (ហៅ វិសាល) ភេទប្រុស មុខរបរ អនុប្រធានបណ្ដោះអាសន្នគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម អាសយដ្ឋានបច្ចុប្បន្ននៅផ្លូវបេតុង ភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវប្រមូលភស្តុតាងព័ត៌មានជាក់លាក់ ពីបទញុះញង់បង្កឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ និងបានរាយការណ៍ សុំគោលការណ៍ ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ដោយទទួលបានការអនុញ្ញាតពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យចូលខ្លួន លេខ ១៧៥ អ.យ.ន ចុះថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឲ្យមានការរើសអើង និងជេរប្រមាថជាសាធារណៈ ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ មី សេងហ៊ (ហៅ គា វិសាល) ភេទប្រុស ជនជាតិខ្មែរ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេង ពាក់ព័ន្ធដល់គម្រាមកំហែង ឬ បំភិតបំភ័យ ដល់សកម្មជនគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធ និងច្រានចោលទាំងស្រុងការ ចោទប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សកម្លាំងជាតិ ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤៕