(កំពង់ឆ្នាំង)៖ ការខិតខំយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង រយៈពេលកន្លងមកនេះ គឺបានធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដែលបានខិតខំដោយអស់ពីកម្លាំងកាយចិត្ត និងរិះរកគ្រប់មធ្យោបាយក្នុងការនាំទឹកយកមកស្រោចស្រព្យស្រូវស្រែរបស់ប្រជាកសិកររហូតទទួលបានជោគជ័យប្រមាណ ៨០ភាគរយ ដែលត្រូវបានសង្គ្រោះបានទាន់ពេលវេលា ដោយនៅសេសសល់ប្រមាណ ២០ភាគរយតែប៉ុណ្ណោះ ដែលកំពុងបន្តជួយសង្គ្រោះជាបណ្ដើរទៀតៗ។

លោក វ៉ែន ឈុនហាក់ ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំដា ស្រុកកំពង់លែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ស្រូវប្រាំងប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង រាប់ពាន់ហិកតា ដែលជួបប្រទះការខ្វះខាតទឹកស្រោចស្រពរយៈពេលជាច្រើនខែកន្លងមកនេះ ត្រូវបានលោកអភិបាលខេត្ត បានស្វះស្វែងរិះរកគ្រប់មធ្យោបាយក្នុងការនាំទឹក យកមកស្រោចស្រព្វ សង្គ្រោះបានដោយជោគជ័យប្រមាណ៨០ នៅសេសសល់ស្រូវប្រជាពលរដ្ឋប្រមាណជា២០ភាគរយទៀតតែប៉ុណ្ណោះ ដែលលោកកំពុងតែយកចិត្តទុកដាក់ធ្វើការជួយសង្គ្រោះជាបន្ត ដោយធ្វើយ៉ាងណាលោកមិនឱ្យប្រជាក សិករបាត់បង់ផលប្រយោជន៍ ដែលប្រជាកសិករខំបង្កបង្កើនផលនោះឡើយ។

លោកបានបន្តថា ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង បាននាំយកប្រេងម៉ាស៊ុត១៥០លីត្រ ជាអំណោយរបស់ លោកអភិបាលខេត្ត បានផ្ដល់ជូនប្រជាកសិករនៅឃុំច្រណូក ស្រុកកំពង់លែង ដើម្បីធ្វើការបូមទឹកពីស្ទឹងទម្លាក់តាមប្រឡាយដើម្បីនាំមកបន្តស្រោចស្រពស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំច្រណូក ដែលស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅទីនោះមួយចំនួនទៀតកំពុងត្រូវការទឹករយៈពេលខ្លីមុននឹងធ្វើការប្រមូលផល។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានពិនិត្យឃើញថា ស្រែរបស់ប្រជាកសិករនៅ ក្នុងស្រុកកំពង់លែង មួយចំនួនក៏ត្រូវបានច្រូ តកាត់រួចរាល់ហើយផងដែរ ដោយនៅសេសសល់ស្រូវស្រែប្រជាកសិករមួយចំនួនទៀត ដែលកំពុងត្រូវការទឹកមុនពេលប្រមូលផល ចំណែកស្រូវដែលនៅសេសសល់ទាំងអស់នោះ គឺបានបែកស្រុះជាបណ្ដើរៗ ដែលនៅមិនយូរប៉ុន្មានថ្ងៃទៀតនោះទេនឹងត្រូវបានប្រមូលផលទាំងអស់ដោយស្ថាពរ៕