(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានថ្លែងបញ្ជាក់ថា វេទិកាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឆ្នាំ២០២៤ ជាវេទិកាមួយចូលរួមចំណែកក្នុងការជួយដល់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន និងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដែលនៅលើមុំទី៥ បាននិយាយពីការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល។

លោកបណ្ឌិត តាំង ងួនលី បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅអគារ Raintree Cambodia ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងការចូលរួមពីសំណាក់តួអង្គសំខាន់ៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងភ្ញៀវកិត្តិយសជាង ១០០រូបដែលក្នុងនោះ រួមមានស្ថាបនិកធុរកិច្ចថ្មី, អ្នកតម្រង់ទិស, ស្ថាប័នគាំទ្រសហគ្រិនភាព, វិនិយោគិន និងគ្រឹះស្ថានអប់រំផងដែរ។

គួរបញ្ជាក់ថា វេទិកាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅក្នុងប្រទេសកម្ពុជាឱ្យមានភាពរឹងមាំ រស់រវើក ប្រកបដោយអន្តរសកម្ម និងបរិយាប័ន្ន។ វេទិកានេះបានប្រមូលផ្តុំតួអង្គសំខាន់ៗព្រមទាំងបានផ្តល់ឱកាសឱ្យពួកគេធ្វើការពង្រីកបណ្តាញទំនាក់ទំនង និងចូលរួមធ្វើការផ្លាស់ប្តូរចំណេះដឹងតាមរយៈបទបង្ហាញ, កិច្ចពិភាក្សា និងការចែករំលែកទូទៅដើម្បីត្រៀមខ្លួនក្នុងការរៀបចំខ្លួនឱ្យកាន់តែប្រសើរឡើងនៅក្នុងឆ្នាំ២០២៤នេះ។

លោកបណ្ឌិត តាំង ងួនលី បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលនាអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលនៅលើមុំទី៥ បាននិយាយពីការអភិវឌ្ឍ​សេដ្ឋកិច្ចឌីជីថល ដែលក្នុងនោះក៏បានរំលេចពីការធ្វើសេដ្ឋកិច្ចឌីជីថល និងការជួយកសាងធុរកិច្ចថ្មីដែរ ចឹងហើយអ្វីដែលយើងកំពុងធ្វើនេះសុទ្ធតែដើរត្រូវតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ហើយសង្ឃឹមថាតួអង្គទាំងអស់ត្រូវតែចូលរួមជាមួយគ្នា មិនថារដ្ឋ ឫឯកជនទេ ត្រូវតែចូលរួមជាមួយគ្នាដើម្បីជួយឱ្យវិស័យនេះកាន់តែច្រើនឡើងផងដែរ»

លោកបណ្ឌិត តាំង ងួនលី ក៏បានគូសបញ្ជាក់ដែរ វេទិកាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឆ្នាំ២០២៤នេះ ធ្វើឡើងដើម្បីតភ្ជាប់តួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ឱ្យបានជជែកពីអ្វីដែលបានធ្វើនាឆ្នាំកន្លងមក និងដាក់ចេញទិសដៅការងារថ្មីៗសម្រាប់ឆ្នាំ២០២៤នេះ សំដៅធ្វើយ៉ាងណាឱ្យប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី កាន់តែល្អប្រសើរជាងមុន និងជាថ្នាលសម្រាប់បណ្តុះធុរកិច្ចថ្មីកាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត។

លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា វេទិកាប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនេះ មានសារៈសំខាន់ណាស់សម្រាប់តភ្ជាប់តួអង្គក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីបានចែករំលែកគ្នាពីបញ្ហាដែលធ្លាប់ជួបប្រទះកន្លងមក នឹងចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក ជៀសវាងធ្វើការប្រកួតប្រជែងជាមួយគ្នានូវរឿងដដែលៗ ហើយងាកមកធ្វើការសម្របសម្រួលជាមួយគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកនូវចំណុចខ្វះខាតឱ្យគ្នា ដើម្បីជួយឱ្យអាជីវកម្មកាន់តែរីកចម្រើនលូតលាស់បានលឿនផងដែរ។

គួរបញ្ជាក់ផងដែរថា វេទិកាខាងលើនេះត្រូវបានបញ្ចប់ប្រកបដោយផ្លែផ្កា ហើយក៏បានសបញ្ជាក់អំពីការបោះជំហានក្នុងការរួមចំណែកក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៃប្រទេសកម្ពុជា ដែលជាផ្នែកមួយមានសក្តានុពលខ្ពស់ក្នុងការជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចនៃប្រទេសកម្ពុជាផងដែរ៕