(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស បានថ្លែងថា កងអង្គរក្សនឹងការពារដាច់ខាតនូវ ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ឱ្យមានសុខសន្តិភាព និងសុវត្ថិភាព ហើយប្រឆាំងដាច់ខាតចំពោះជនទាំងឡាយដែលចង់បង្កចលាចលអុកឡុកប្រទេសកម្ពុជា។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើង ក្នុងកម្មវិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតកងអង្គរក្ស នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោក ហ៊ីង ប៊ុនហៀង ក៏បានបញ្ជាក់ផងដែរថា ការតាំងបង្ហាញសព្វាវុធ និងកម្លាំងកងអង្គរក្សនាពេលនេះ ពុំមានជាការគំរាមកំហែង ដល់នរណាមួយនោះទេ ប៉ុន្តែជាបង្ហាញអំពីសមិទ្ធផលនៃការខិតខំរបស់កងកម្លាំងអង្គរក្សទាំងមូល។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បញ្ជាការដ្ឋានអង្គរក្សបានប្រារព្ធពិធីរំលឹកខួប២៦ឆ្នាំ ថ្ងៃបង្កើតវរសេនាតូចលេខ២៤៦ និង ខួបលើកទី៨ឆ្នាំ នៃការបង្កើតអង្គភាពរបស់ខ្លួន ៤ កញ្ញា ឆ្នាំ២០០៩ - ៤កញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងពិធីនោះ ក៏មានការបង្ហាញព្យុហយាត្រារបស់កងអង្គរក្ស៕