(កណ្តាល)៖ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល ប្រកាសដាក់ចិត្ត ដាក់កាយជួយអភិវឌ្ឍន៍ និងជួយលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋក្នុងស្រុកកោះធំឱ្យកាន់តែល្អប្រសើរ។

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បន្ទាប់ពីអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាងរួចរាល់ហើយនោះ លោក ប៉េង ពោធិ៍នា បានបន្តដំណើរមកកាន់ទីស្នាក់ការគណបក្សប្រជាជនស្រុកកោះធំ ដើម្បីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បន្តទៀត។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារមូលដ្ឋានបន្ថែមទៀត លោកប៉េង ពោធិ៍នា បានស្នើក្រុមការងារយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ដូចមានចែងក្នុងសេចក្តីសម្រេចលេខ ១២/២៤ សរ.កក.កណ ស្តីពីការចាត់តាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល ជាមួយភាពបុរេសកម្ម ប្រកបដោយស្មារតីសាមគ្គី និងទំនួលខុសត្រូវខ្ពស់។

លោកប្រធាន បានបង្ហាញសុឆន្ទៈយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សទាំងអស់ នឹងបន្តបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា ពិសេសគឺបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ៕