(កណ្តាល)៖ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង។

កម្មវិធីបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្អាង ដោយមានការចូលរួមពី លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាស្រុក និងប្រធានសាខាបក្សភូមិក្នុងស្រុកស្អាង សរុបប្រមាណ ៣២០រូប។

លោក ប៉េង ពោធិ៍នា បានណែនាំដល់ក្រុមការងារអនុវត្តភារកិច្ចប្រកបដោយសា្មរតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់។

លោក ពោធិ៍នា ចាត់ទុកសមាសភាពដែលទទួលបានការចាត់តាំងចុះពង្រឹងការងារក្នុងស្រុកស្អាង គឺជាការផ្តល់សេចក្តីទុកចិត្តរបស់គណបក្ស។ លោកបានក្រើនរំលឹកថា វាជាធាតុសត្យានុម័ត តួនាទីភារកិច្ចមានចំណងជាមួយការទទួលខុសត្រូវ ដូច្នេះការប្រកាសសមាសភាពថ្ងៃនេះ គឺជាការប្រកាសការទទួលខុសត្រូវផងដែរ។

បន្ថែមពីនេះ លោកប្រធាន បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃក្រុមការងារគណបក្សទាំងអស់ បន្តបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរមា ហើយត្រូវបន្តដំណើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនទាំងក្នុងអាណត្តិទី៧ ក៏ដូចជាអាណត្តិជាបន្តបន្ទាប់ទៀតផងដែរ៕