(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីរាជការ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអធិការកិច្ច។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងអធិការកិច្ចចំនួន ២៧៥រូប នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រី បានថ្លែថា តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជា បាននិងកំពុងរស់រានសោយសុខក្នុងម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពពេញផ្ទៃប្រទេស។ ក្រោមអគ្គមគ្គុទេសក៏ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ កម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច និងបានផ្លាស់ប្តូរមុខមាត់គួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា សមិទ្ធផលទាំងនេះ បានជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយជីវភាព និងប្រាកដនិយមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខ ប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាត្រីវិស័យបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែមានកំណើនសេដ្ឋកិច្ចរីកចម្រើន ក្នុងគោលដៅដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្ដអភិវឌ្ឍន៍ និងពង្រីកប្រព័ន្ធគាំពារសង្គម។

លោករដ្ឋមន្ត្រី បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដអនុវត្តនូវកម្មវិធីជំនួយសង្គមសំខាន់ៗ មួយចំនួន រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន (school feeding program) ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ កម្មវិធីអាហារូបករណ៍ថ្នាក់បឋមសិក្សា និងមធ្យមសិក្សាសម្រាប់កុមារមកពីគ្រួសារក្រីក្រ កម្មវិធីរបបគោលនយោបាយ សម្រាប់ជនពិការក្នុងសហគមន៍ និងកម្មវិធីសាច់ប្រាក់ពលកម្ម (cash for work) ជាដើម។

ដើម្បីចូលរួមលើកកម្ពស់ និងការអនុវត្តនូវកម្មវិធីនយោបាយ ព្រមទាំងគោលនយោបាយនិងផែនការយុទ្ធសាស្រ្តនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួងអធិការកិច្ចបានដាក់ចេញនូវផែនការការងារអាទិភាពចំនួន៤ ដែលទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតក្រសួងអធិការកិច្ច កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលរួមមាន ៖

ទី១៖ ការពង្រឹងសមត្ថភាពស្ថាប័ន
២៖ ការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅក្នុងវិស័យអធិការកិច្ច
៣៖ ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើឱ្យវិស័យអធិការកិច្ច
៤៖ ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាព និងកិច្ចសហប្រតិបត្តិការល្អ។

សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃក្រសួងអធិការកិច្ច ដែលជាស្ថាប័ននាំមុខ និងដឹកនាំវិស័យអធិការកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅលើកកម្ពស់អភិបាលកិច្ច និងពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ។

លោករដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួន សម្រេចបានលទ្ធផលគួរជាទីមោទនៈជូនជាតិ និងប្រជាជន និងសូមកោតសរសើរ ចំពោះការចូលរួមអនុវត្តការងារពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំ លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់ នៃក្រសួងអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវ និងបន្ដចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕