(កំពត)៖ កងរាជអាវុធហត្ថក្រុងកំពត បានរៀបចំពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថក្រុងកំពត ដោយលោកវរសេនីយ៍ទោ សន សុខឿន ជំនួសលោកវរសេនីយ៍ទោ គឹម ចេស្ដា ដែលត្រូវបានតែងតាំងមុខតំណែងជាមេបញ្ជាការរងអាវុធហត្ថខេត្តកំពត។

ពិធីនេះ ធ្វើឡើងនារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឡុង វណ្ណា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងលោក លាង រឿនសុធី អភិបាលក្រុងកំពត និងលោកប្រធានក្រុមប្រឹក្សាក្រុង ដោយចូលរួមពីសំណាក់អ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ លោកវរសេនីយ៍ឯក ឡុង វណ្ណា មេបញ្ជាការរង បានណែនាំមេបញ្ជាការអាវុធហត្ថក្រុងកំពត ដែលទើបឡើងកាន់ដំណែងថ្មី ឲ្យយកចិត្តទុកដាក់លើកការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ក្រុង ឲ្យបានល្អ ចេះគ្រប់គ្រង់កម្លាំង មានវិន័យ របៀបរបបធ្វើការងារ បទបញ្ជាផ្ទៃក្នុងច្បាស់លាស់ មានឋានានុក្រម ហើយក្នុងនាមជាមេ ត្រូវចេះបែងចែកតួនាទីភារកិច្ចបុគ្គល ដើម្បីមានភាពទទួលខុសត្រូវច្បាស់លាស់ ព្រោះយើងធ្វើជាមេបញ្ជាការ គឺជាអ្នកដឹកនាំ ដូច្នេះខុសក៏ហ៊ានទទួល ត្រូវក៏ទទួល។

ដើម្បីឲ្យការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រេចបានលទ្ធផលល្អប្រសើរ រួមមាន៖

*ទី១- ផ្អែកលើការគ្រប់គ្រង់កម្លាំង៖ ត្រូវមើលលើសមត្ថភាព សកម្មភាពការងារ ជីវភាព សុខភាព និងសតិអារម្មណ៍ ព្រោះរាល់ការងារដែលអាចសម្រេចទៅបាន អាស្រ័យលើការចាត់ចែង ការរៀបចំកម្លាំងត្រូវតាមចំណេះជំនាញ ភាពប៉ិនប្រសប់។
*ទី២- ផ្អែកលើវិន័យ៖ ត្រូវមានវិន័យ របៀបរបបធ្វើការងារ មានបទបញ្ជាផ្ទៃក្នុងច្បាស់លាស់ មានឋានានុក្រម ហើយក្នុងនាមជាមេត្រូវបែងចែក តួនាទីភារកិច្ចបុគ្គល ដើម្បីមានភាពទទួលខុសត្រូវ។

ពិសេសត្រូវយកចិត្តក្នុងការប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ព្រោះក្នុងក្រុងកំពត ជាកន្លែងទទួលភ្ញៀវចម្រុះ ទាំងថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ខេត្ត ទេសចរជាតិ អន្តរជាតិមកគ្រប់ទិសទី គេនឹងចាំមើលអំពីរបៀបរបបធ្វើការ ពិសេសវិន័យឯកសណ្តានរបស់កងកម្លាំងក្នុងពេលបំពេញការងារ។  

ក្នុងឱកាសនោះដែរ អភិបាលក្រុងកំពត លោក លាង រឿនសុធី បានលើកបញ្ជាក់ថា ក្រុងកំពតតូច ប៉ុន្តែមានភូមិសាស្ត្រស្មុគស្មាញ ពិបាកគ្រប់គ្រងស្ថានការ ទាមទាឲ្យកម្លាំងកងរាជអាវុធហត្ថក្រុង មានភាពរវាសរវៃ និងម្ចាស់ការ ព្រោះក្រុងកំពត មានសកម្មភាពទេសចរមមាញឹក។ លោកបានណែនាំឲ្យមេបញ្ជាការក្រុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយមជ្ឍដ្ឋានខាងក្រៅ ដើម្បីសុំការសហការលើការងារការពារសន្តិសុខសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្នុងក្រុងកំពតឲ្យបានល្អប្រសើរ៕