(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់តំណែងលោក ជា សានិត ជាប្រធានមន្ទីរថ្មី នៃមន្ទីរសុខាភិបាលខេត្ត។

លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលទើបប្រកាសចូលកាន់តំណែងថ្មី បានប្តេជ្ញាគោរពប្រតិបត្តិឲ្យបានម៉ឺងម៉ាត់នូវច្បាប់ រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិ យុត្តិនានាចូលជាធរមាន ជាពិសេសចូលរួមអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទៅលើការ ធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសបន្តអភិវឌ្ឍវិស័យសុខាភិបាលក្នុងខេត្តរតនគិរី។

លោកបានប្តេជ្ញាគោរព និងអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវគោលការណែនាំរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ដោយប្រកាន់ភ្ជាប់នូវ ឆន្ទះម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្តីភាព និងវប្បធម៌សេវាសាធារណៈ ដោយអនុវត្តតាមការណែនាំរបស់ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល «ទុក្ខលំបាករបស់អ្នកជំងឺ ក៏ជាទុក្ខលំបាករបស់គ្រូពេទ្យ» ជាមួយនឹងបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផលនានា ដែលបានកសាងមក និងបន្តអភិវឌ្ឍមូលដ្ឋានសេវាសុខាភិបាលឲ្យកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានធ្វើការណែនាំឲ្យលោកប្រធានមន្ទីរសុខាភិបាលខេត្ត ដែលចូលកាន់មុខតំណែងថ្មី រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃវិស័យសុខាភិបាល ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពចំនួន៧ចំណុចរួមមាន៖

*ទី១៖ ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារទំនាក់ទំនងការងារ ឲ្យបានល្អនៅក្នុងអង្គភាពរបស់ខ្លួន ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាព និងធានានិរន្តភាពការងាររបស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ។

*ទី២៖ ត្រូវចូលរួមលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ មានប្រសិទ្ធភាព និងមិនរើសអើង ដើម្បីឆ្លើយតបតាមតម្រូវការរបស់មូលដ្ឋាន។

*ទី៣៖ ត្រូវយកចិត្តទុកដាក់រៀបចំគ្រូពេទ្យវេជ្ជបណ្ឌិតប្រចាំការ ជាប់គ្រប់វេនយាមពេលថ្ងៃ និងពេលយប់, ត្រូវប្រើប្រាស់មន្ត្រីឲ្យស្របតាមជំនាញវិជ្ជាជីវៈរបស់មន្ត្រីម្នាក់ៗ, ត្រូវមានអាកប្បកិរិយា សីលធម៌ប្រើពាក្យសំដី ទន់ភ្លន់គួរសម អត់ធ្មត់ជាមួយអ្នកជំងឺ, ត្រូវគោរពវិន័យម៉ោងបំរើការងារ និងត្រូវយកចិត្តទុកដាក់ពិនិត្យរាល់ការផ្ទេរផ្លាស់ប្តូរកន្លែងបំរើការងាររបស់មន្ត្រីកុំឲ្យខ្វះមន្ត្រីផ្តល់សេវា។

*ទី៤៖ ត្រូវការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដោយផ្អែកលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ឬលិខិតបទដ្ឋានគតិយុត្តជាធរមាន។

*ទី៥៖ ត្រូវសហការជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ ជាន់ថ្នាក់ឲ្យបានល្អប្រសើរ។

*ទី៦៖ ត្រូវមានគំនិតផ្តួចផ្តើម សិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមពាក់ព័ន្ធច្បាប់ និងលិខិតបទដ្ឋានបន្ថែមទៀត។

*ទី៧៖ ត្រូវយកចិត្តទុកដាក់ក្នុងការកែលំអរសោភ័ណភាព អនាម័យ បរិស្ថានក្នុង និងក្រៅបរិវេណមន្ទីរ៕